កូនប្រុសសេដ្ឋី ING ចុះពិនិត្យស្ពានប៉េតុងអាម៉េរ ខាងលិចផ្សារអុីអនមានជ័យ ដែលសម្រេចបាន ៨០%

ស្ពានបេតុងអាម៉េរ ស្ថិតនៅខាងលិចផ្សារអុីអនមានជ័យ ក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប ING សម្រេចការសាងសង់បាន ៨០%ហើយ។ នេះបើតាមលោក អុឹង ស៊ីវខូវ អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង ក្នុងពេលចុះពិនិត្យការដ្ឋានសាងសង់ស្ពានបេតុងអាម៉េរទី១ នៅបណ្តោយមហាវិថី ឈុន គង់ ប៉ែកខាងលិចនៃតំបន់ ទីក្រុងរណប (ING City) នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤។

លោក អុឹង ស៊ីវខូវ បានលើកឡើងថា បច្ចុប្បន្ន ស្ពានបេតុងអាម៉េរទី១នេះ សម្រេចការសាងសង់បាន ៨០%ហើយ ដោយក្រុមហ៊ុនកំពុងបន្តពន្លឿនការងារលើកធ្នឹមស្ពានសរុប ៦៨ដើម។ លោកបន្តថា បើតាមការគ្រោងទុក ស្ពានបេតុងអាម៉េរទី១នេះ នឹងត្រូវបានបញ្ចប់ការសាងសង់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

តាមដានជាមួយយើង៖ Million Times

បញ្ជាក់ផងដែរថា នៅលើមហាវិថី ឈុន គង់ ក្រុមហ៊ុន ING Group នឹងត្រូវស្ថាបនាស្ពានបេតុងអាម៉េរឆ្លងកាត់ចំនួន ០២កន្លែង មានបណ្ដោយប្រវែង៤០ម៉ែត្រ ទទឹង២០,៨៦ម៉ែត្រ។ ស្ពានទី១ ជាស្ពានកាត់ប្រឡាយរលួស ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជើងឯក ខណ្ឌដង្កោ និងស្ពានទី២ នៅប៉ែកខាងកើត ដែលឆ្លងកាត់ប្រឡាយស្ទឹងជ្រៅ ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ការអភិវឌ្ឍ​នៅ​តំបន់​ភាគខាងត្បូង​ក្រុងរាជធានីភ្នំពេញ បាននឹងកំពុង​ដើរ​តាម​ផែនការមេ​របស់​ទីក្រុង​រណប ING CITY របស់អ្នកឧកញ៉ា អុឹង ប៊ុនហូវ ខណៈ​​នៅ​តំបន់នោះហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានបន្តលេចវត្តមានឡើង ដូចជា គំរោង​សាងសង់​បុរី អគាររដ្ឋ អគារឯកជន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​នានា និងផ្សារទំនើបជាដើម។

តំបន់ ING City គឺជាអភិវឌ្ឍន៍ធំមួយដែលនៅមិនឆ្ងាយពីគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងដាក់ដំណើរការនៅពាក់កណ្តាលឆ្នាំ២០២៥ខាងមុខ។ ស្របពេលថ្មីៗនេះ ព្រលាយន្តហោះដ៏ធំលំដាប់អន្តរជាតិមួយនេះ បានប្រកាសធ្វើការហោះហើរសាកល្បងរបស់ខ្លួនដោយជោគជ័យ។

បើយោងតាមផែនការមេ​របស់​ក្រុមហ៊ុន ING Holding ដែលគេហទំព័រ Million Times ទទួលបាន ទីក្រុង​រណប ING City គ្របដណ្តប់​លើ​ផ្ទៃដី​ជាង ២០០០ហិកតា ដែលមាន​វិសាលភាព​ដ៏​ធំ​មួយ និង​ជាទី​ក្រុង​រណប​ធំជាងគេ​នៅ​រាជធានី​ភ្នំពេញ។ តាម​គំរោង​ក្រុមហ៊ុន​គ្រោង​អភិវឌ្ឍន៍​តំបន់​នេះ ជា​តំបន់​មានការ​អភិវឌ្ឍ​បែប​បៃតង និង​គោរព​តាម​គោលការណ៍​បរិស្ថាន៕