ត្រឹមពេល ៦ខែទុនវិនិយោគក្នុងវិស័យសំណង់អគារនៅកម្ពុជា កើនដល់ ២,៦ពាន់លានដុល្លារ

ត្រឹមពេល ៦ខែទុនវិនិយោគក្នុងវិស័យសំណង់អគារនៅកម្ពុជា កើនដល់ ២,៦ពាន់លានដុល្លារ

ទោះបីស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកនៅពុំទាន់ប្រសើរឡើងវិញក៏ដោយ ក៏ទុនវិនិយោគក្នុងវិស័យសំណង់អគារនៅប្រទេសកម្ពុជា បានកើនដល់ប្រមាណ ២,៦ពាន់លានដុល្លារអាមេរិក គិតត្រឹម៦ខែឆ្នាំ២០២៤។ នេះបើតាមលោក លាង មុនីរិទ្ធ រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសិក្ខាសាលាស្ដីពី «បទពិសោធន៍នៃការរៀបចំទីក្រុង និងលំនៅឋាននៅកម្ពុជា និងហុងកុង» នាពេលថ្មីៗកន្លងទៅ។

លោក លាង មុនីរិទ្ធ លើកឡើងថា ទុនវិនិយោគក្នុងវិស័យសំណង់អគារ ៦ខែដើមឆ្នាំ២០២៤ មានប្រមាណ ២,៦ពាន់លានដុល្លារអាមេរិក ទោះបីស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក នៅពុំទាន់ប្រសើរឡើងវិញដូចស្ថានភាពមុនការរីកដាលនៃជំងឺក្ខវីដ-១៩ ក៏វិស័យសំណង់កម្ពុជានៅតែមានកំណើនជាប្រចាំ ពិសេសតម្រោងថ្មីៗដែលបានស្នើសុំក្នុងរយៈ៦ខែដើមឆ្នាំ២០២៤ មានកំណើនខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។

តាមដានជាមួយយើង៖ Million Times

កាលពីដើមឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា វិស័យសំណង់ និងអចលនទ្រព្យ ដែលបានទទួលរងឥទ្ធិពលពីវិបត្តិកន្លងមក ត្រូវបានព្យាករថា នឹងបន្តមានកំណើនទាប ដែលនឹងបន្តទទួលបានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ គួបផ្សំនឹងការងើបឡើងវិញសន្សឹមៗនៃតម្រូវការក្នុងស្រុក ដែលផ្តោតលើលំនៅឋានដែលមានតម្លៃសមរម្យ ក្នុងពេលដែលតម្រូវការសំណង់ប្រណិតដែលបម្រើដល់អនិវាសនជន ត្រូវបានរំពឹងថា នឹងបន្តមានភាពទន់ខ្សោយ។

របាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ ២០២៣ និងទស្សនវិស័យឆ្នាំ ២០២៤ របស់ធនាគារជាតិនៃកម្ពុជា បានសង្កត់ធ្ងន់ថា «ការកើនឡើងនៃឥណទានមិនដំណើរការ អាចបន្ថយកំណើនឥណទានសម្រាប់ការប្រើប្រាស់ និងការវិនិយោគ និងកំណើននៃវិស័យសំណង់ និងអចលនទ្រព្យអាចបន្តមានកម្រិតទាប និងអាចមានឥទ្ធិពលបន្តលើវិស័យផ្សេងទៀត ដូចជាវិស័យធនាគារ ជាដើម»។ 

គិតត្រឹមឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ មានសំណង់បុរីចំនួន ៣១០កន្លែង អគារខ្ពស់ៗចាប់ពីប្រាំជាន់ឡើងទៅ មានចំនួន ១.៧៧៧អគារ និងនៅក្នុងឆ្នាំ ២០២៣ បានពិនិត្យលើឯកសារស្នើសុំលិខិតអនុញ្ញាតសាងសង់ក្នុងគម្រោងថ្មីចំនួន ៥៣៦គម្រោង លើផ្ទៃក្រឡាសំ ណង់សរុបជាង ២៦ម៉ឺនម៉ែត្រការ៉េ ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានប្រមាណ ១៣២លានដុល្លាអាមេរិកបន្ថែមទៀត។ នេះបើយោងតាមរបាយការណ៍របស់សាលារាជធានីភ្នំពេញ៕

អត្ថបទ៖ ផល កុសល រូបភាព៖ ផេកលោក កើត ឆែ