ក្រុមហ៊ុន Newbustar ចាយទុន១៤០លានដុល្លារបើករោងចក្រផលិតសំបកកង់រថយន្ដ

Home » ក្រុមហ៊ុន Newbustar ចាយទុន១៤០លានដុល្លារបើករោងចក្រផលិតសំបកកង់រថយន្ដ

ក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd. បានដាក់ឲ្យដំណើរការផលិតសំបកកង់រថយន្តរបស់ខ្លួនជាផ្លូវការ ក្នុងទំហំទុនវិនិយោគប្រមាណ ១៤០លានដុល្លារអាមេរិក កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល នៅខេត្តក្រចេះ។

រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន Newbustar ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ Qingdao Doublestar Group របស់ប្រទេសចិននៅក្នុងខេត្តក្រចេះ មានសមត្ថភាពផលិតសំបកកង់រ៉ាឌីកាល់ដែលមានប្រសិទ្ធភាពខ្ពស់បាន ៨,៥ លានក្នុងមួយឆ្នាំ។

តាមដានជាមួយយើង៖ Million Times

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា គូសបញ្ជាក់ថា ​ការ​សម្រេច​បណ្តាក់​ទុន​វិនិយោគ​ រហូត​ដល់​ទៅ​ប្រមាណ ​ ១៤០​លាន​ដុល្លារ​អាមេរិក ​ក្រុម​ហ៊ុន Newbustar Group នៅ​ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស ​យូ ប៊ី អ៊ី ​ស្នួល​ ក្នុង​ខេត្ត​ក្រចេះ​នេះ ​គឺជា​ការ​សម្រេច​ចិត្ត​ដ៏ត្រឹម​ត្រូវ​មួយ។

លោកបន្តថា ការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុន Newbustar នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ុ ស្នួលក្នុងទឹកដីនៃខេត្តក្រចេះនេះ សំដៅចូលរួមចំណែក ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការចូលរួមជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់។

បើតាមលោក ជា វុទ្ធី តំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នូល នេះ បានស្រូបយកគម្រោងវិនិយោគលើវិស័យគួរឲ្យកត់សម្គាល់ ដូចជា ការផលិតសម្ភារៈអគ្គិសនី ផ្តុំដំឡើងបន្ទះសូឡា និងការផលិតសំបកកង់យានយន្ត ដែលជាឧស្សាហកម្មមួយថ្មី មានតម្លៃបន្ថែមខ្ពស់ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប។

លោកបន្ថែមថា ការរីកចម្រើនជាបន្តបន្ទាប់ នៃឧស្សាហកម្មផលិតសំបកកង់យានយន្ត នៅកម្ពុជានេះ បានបង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់ អំពីការផ្តល់សេចក្តីទុកចិត្ត របស់វិស័យឯកជនមកលើរាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០៕

អត្ថបទ៖ ផល កុសល រូបភាព៖ CDC