រដ្ឋកំណត់ឲ្យបុគ្គលមានងារ «លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា» បង់ប្រាក់ប្រចាំឆ្នាំចំនួន ៨ពាន់ដុល្លារ ដល់ ១០ម៉ឺនដុល្លារ

រដ្ឋកំណត់ឲ្យបុគ្គលមានងារ «លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា» បង់ប្រាក់ប្រចាំឆ្នាំចំនួន ៨ពាន់ដុល្លារ ដល់ ១០ម៉ឺនដុល្លារ

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចំនួនទឹកប្រាក់ឲ្យបុគ្គលមានគោរងារ «លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា» ត្រូវបង់វិភាគទានចាប់ពី ៨ពាន់ដុល្លារអាមេរិក ដល់ ១០ម៉ឺនដុល្លារអាមេរិកប្រចាំឆ្នាំ។ នេះតាមរយៈអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំ និងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា។

អនុក្រឹត្យថ្មីនេះ បានបញ្ជាក់ឱ្យគោរមវន្ត ដែលមានទទួលបានគោរមងារជា «លោកអ្នកឧកញ៉ា», «អ្នកឧកញ៉ា» និង «ឧកញ៉ា» ត្រូវមានកាតព្វកិច្ច ប្រាក់វិភាគទានប្រចាំឆ្នាំ ជូនដល់រាជរដ្ឋាភិបាល រួមមាន៖ លោកអ្នកឧកញ៉ា៖ ៤០០ ០០០ ០០០ (បួនរយលាន) រៀលក្នុងមួយឆ្នាំ (ប្រហែល១០ម៉ឺនដុល្លារ)  អ្នកឧកញ៉ា៖ ៦០ ០០០ ០០០ (ហុកសិបលាន) រៀលក្នុងមួយឆ្នាំ (ប្រហែល ១ម៉ឺន ៥ពាន់ដុល្លារ)  និងឧកញ៉ា៖ ៣២ ០០០ ០០០ (សាមសិបពីរលាន) រៀលក្នុងមួយឆ្នាំ (ប្រហែល ៨ពាន់ដុល្លារ)។

អនុក្រឹត្យដដែល គោរមវន្តទាំងអស់ត្រូវបង់វិភាគទានប្រចាំឆ្នាំនេះ តាមរយៈសមាគមឧកញ៉ាកម្ពុជា ចំពោះគោរមវន្តដែលជាសមាជិកសមាគមឧកញ៉ាកម្ពុជា ត្រូវបានទទួលការលើកទឹកចិត្ត តាមរយៈការបន្ធូរបន្ថយចំពោះទំហំទឹកប្រាក់វិភាគទានប្រចាំឆ្នាំ តាមការសម្រេចរបស់នាយករដ្ឋមន្ត្រី៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ សមាគមឧកញ៉ាកម្ពុជា