អ្នកជំនាញសេដ្ឋកិច្ចបង្ហើបពីបញ្ហារសើបការចុះបញ្ជីក្រុមហ៊ុនថ្មី

អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញនូវគោលការណ៍ ឬយន្តការដល់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគបរទេស ហើយមិនឲ្យទៅវិញតាមរយៈយន្តការចំនួន ៦ចំណុច។

បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច និងជាទីប្រឹក្សាផ្ទាល់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកយកយន្តការចំនួន ៦ មកបង្ហាញដើម្បីឱ្យវិនិយោគមកហើយ មិនទៅវិញ គឺត្រូវការ ៦យ៉ាងនេះ រួមមាន៖ ១) ការសុំអាជ្ញាបណ្ណ ត្រូវកំណត់ចំណាយលុយ និង ពេលវេលាច្បាស់លាស់ ២) ការផ្តល់សេវាសាធារណៈប្រកបដោយសេចក្តីថ្ងៃថ្នូរ ៣) ធានាការបង់ពន្ធត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និង គណនេយ្យភាព ៤) លុបបំបាត់ការិយាធិតេយ្យ ៥) លុបបំបាត់អំពើពុករលួយ និង ៦) លុបបំបាត់អំពើកោសរុសរកលុយ (អសីធម៌ បង្កើតរឿង បង្កើតបញ្ហា បង្កើតការភ័យខ្លាច គំរាមកំហែងក្នុងគ្រប់រូបភាព)។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ សម្តេច ហ៊ុន ម៉ាណែត ធ្លាប់បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តែងគិតគូរពីសុខុមាលភាព របស់វិនិយោគិនទាំងអស់ ដោយយកចិត្តទុកដាក់ស្ដាប់ ជាប្រចាំនូវបញ្ហាប្រឈម ដែលវិនិយោគិនលើកឡើង និងពង្រឹងទំនាក់ទំនងឥតឈប់ឈរជាមួយវិស័យ ឯកជន ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពដោយ ប្រកាន់ខ្ជាប់នូវគោលការណ៍ «គិតរួមគា្ន ធ្វើសកម្មភាពរួមគ្នា និង ទទួលខុសត្រូវរួមគ្នា»។

ក្នុងពិធីបើកវេទិកាធុរកិច្ច​កម្ពុជា-បារាំងលើកទី២ កាលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបាន និងកំពុងបង្កើត និងអនុវត្តជាបន្តបន្ទាប់នូវយន្តការ ដែលផ្តល់មធ្យោបាយងាយស្រួលបំផុត សម្រាប់វិស័យ​ឯកជនក្នុងការបញ្ចេញមតិ, កង្វល់, និងសំណូមពរ។ យន្តការដែលលេចធ្លោជាងគេ គឺវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន៕