ព្រះមហាក្សត្រថៃ អនុម័តគាំទ្រគណៈរដ្ឋមន្ត្រីថ្មីរបស់នាយករដ្ឋមន្ត្រី Paetongtarn Shinawatra

ព្រះមហាក្សត្រថៃ អនុម័តគាំទ្រគណៈរដ្ឋមន្ត្រីថ្មីរបស់នាយករដ្ឋមន្ត្រី Paetongtarn Shinawatra

នៅថ្ងៃពុធ ទី៤ ខែកញ្ញានេះ ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានអនុម័តយល់ព្រមលើគណៈរដ្ឋមន្ត្រីថ្មីរបស់នាយករដ្ឋមន្ត្រី Paetongtarn Shinawatra ជាមួយនឹងសមាសភាពថ្មីចំនួន ១២ នៅក្នុងជួររដ្ឋាភិបាលចម្រុះដែលមានសមាជិក ៣៦រូប។ េនះបើតាមការចុះផ្សាយពីសារព័ត៌មាន រ៉យទ័រ។

លោកស្រី Paetongtarn មានអាយុ ៣៨ឆ្នាំត្រូវបានបោះឆ្នោតជ្រើសរើសដោយសភាកាលពីខែសីហា ដើម្បីក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ប្រទេសថៃបន្ទាប់ពីដកតំណែងលោក Srettha Thavisin ដោយតុលាការ។

តាមដានជាមួយយើង៖ Million Times

គណបក្សភឿថៃ ដែលបានដឹកនាំរដ្ឋាភិបាលតាំងពីឆ្នាំ២០០១ នៅតែជាកម្លាំងលេចធ្លោនៅក្នុងគណៈរដ្ឋមន្ត្រីថ្មី ដោយរក្សាតំណែងរដ្ឋមន្ត្រីហិរញ្ញវត្ថុ គឺលោក Pichai Chunhavajira និងរដ្ឋមន្ត្រីការបរទេស លោក Maris Sangiampongsa។ ចំណែកទីប្រឹក្សាកំពូលរបស់បក្សភឿថៃ លោក Phumtham Wechayachai តែងតាំងជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកផ្នែកការពារជាតិ និងអតីតរដ្ឋមន្ត្រីថាមពល លោក Pichai Naripthaphan ជារដ្ឋមន្ត្រីពាណិជ្ជកម្ម។

គណបក្សភឿថៃ ដែលជាគណបក្សប្រជានិយមនៃគ្រួសារមហាសេដ្ឋី ស៊ីណាវ៉ាត្រា មានតំណែងគណៈរដ្ឋមន្ត្រីចំនួន ១៧ ដែលរួមមាន រដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រី ហើយនៅសល់ ១៩ ទៀត បែងចែកក្នុងចំណោមដៃគូចម្រុះ។ គណៈរដ្ឋមន្ត្រីថ្មីអាចបញ្ជូនសំណើគោលនយោបាយរបស់ខ្លួនទៅសភានៅដើមសប្តាហ៍ក្រោយនេះ។ បើតាមលោក Wisut Chainarun ប្រធានក្រុមចម្រុះនៃរដ្ឋសភាបានប្រាប់ រ៉យទ័រ គោលនយោបាយទាំងនោះរួមមានការកែសម្រួលគោលនយោបាយរបស់បក្សភឿថៃក្នុងការផ្ទេរឥណទានចំនួន ១០,០០០ បាត (២៩២ដុល្លារ) ទៅកាន់ប្រជាជនថៃចំនួន ៥០លាននាក់តាមរយៈកម្មវិធីស្មាតហ្វូន ដែលឥឡូវនេះមួយចំនួននឹងត្រូវបានចែកចាយជាសាច់ប្រាក់។

លោកស្រី Paetongtarn គឺជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលនៅតែត្រូវបានគេមើលឃើញថាជាអ្នកកាន់អំណាចនៅពីក្រោយឆាក។ លោកស្រីក៏ជាស្ត្រីទី២ និងសមាជិកគ្រួសារទី៤ ដែលកាន់តំណែងកំពូល ដោយបីនាក់ផ្សេងទៀតត្រូវបានទម្លាក់ចេញពីតំណែងដោយរដ្ឋប្រហារ ឬការសម្រេចចិត្តរបស់តុលាការ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters