ភរិយាឧកញ៉ា អ៊ឹង គីមហុង មានលុយវាល់លាន ទ្រព្យស្តុកស្ដម្ភ តែនៅអង្គុយឡាយលក់អីវ៉ាន់ធម្មតា

ជីវិត​ប្ដី​ប្រពន្ធ​ឧកញ៉ា អ៊ឹង គីមហុង និង​ឧកញ៉ា សុខ ស្រីអូន នៅ​ពេល​នេះ​មាន​អ្វី​ៗ​ទាំង​អស់​ក្នុង​ដៃ​មិន​ថា​លុយ​ឡាន​ទំនើប ភូមិគ្រឹះ សម្ភារៈ​ប្រេន​លំដាប់​ពិភពលោក ជាពិសេស​កូន​ប្រុស​ស្រី​ទាំង ៤ ដ៏​គួរ​ឲ្យ​ស្រលាញ់ ធ្វើឲ្យ​សុភមង្គល​ក្នុង​គ្រួសារ​ពេញ​បរិបូរណ៍។

តាមដានជាមួយយើង៖ Million Times

និយាយ​ពី​មុខ​ជំនួញ​ប្ដី​ប្រពន្ធ​ដែល​មាន​គោរមងារ​ជា​ឧកញ៉ា​ទាំង​២ នាក់​នេះ មាន​ច្រើន​សន្ធឹក​ដោយ​ឧកញ៉ា អ៊ឺង គីមហុង ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ TLL Real Estate Co., Ltd និង​វិស័យ​កម្សាន្ត។ ចំណែក​ឧកញ៉ា សុខ ស្រីអូន ធ្លាប់​មាន​អាជីវកម្ម​ជាច្រើន​ ​ក្រុមហ៊ុន យូភីភី សាឡន & ខូសស្មិចតិច ព្រម​ទាំង​ជា​ម្ចាស់​កាបូប​ម៉ាក Hermès តម្លៃ ៥០ ម៉ឺន​ដុល្លារ និង​ថ្មី​ៗ​​​គូស្នេហ៍​ដែល​មមាញឹក​ក្នុង​ជំនួញ​គូ​នេះ បាន​បើក​ហាង​លក់​ម៉ូតូ​បន្ថែម​ទៀត។

បើ​ទោះ​ជា​រស់នៅ​លើ​ភូមិគ្រឹះ​តម្លៃ​ប្រហែល ៥ លាន​ដុល្លារ មាន​លុយ​ដើរលេង​ចាយ​ជីវិត​យ៉ាង​ហាយសូ​នៅ​បរទេស​ក្តី តែ​សេដ្ឋីនី និង​ជា​ឧកញ៉ា សុខ ស្រីអូន ឬ​ជំទាវ​តូច មិន​នៅ​ទំនេរ​ឡើយ ពោល​គឺ​នៅ​បន្ត​របរ​អនឡាញ និង​អង្គុយ​ឡាយ​លក់​ដោយ​ខ្លួនឯង។ ព្រោះ​តែ​ឆ្លងកាត់​ការ​លំបាក​ច្រើន​តាំងពី​ចាប់ដៃ​គ្នា ២០ ឆ្នាំ​មកនេះ ទាំង​ប្ដី និង​ប្រពន្ធ​មិន​ចោល​ការងារ​ឡើយ ពោល​ត្រូវ​ចុះ​ទៅ​មើល​ផ្ទាល់​ៗ និង​ធ្វើ​ដោយ​ខ្លួនឯង​តែម្ដង។ ឧកញ៉ា​ហាយសូទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ មិន​ចេះ​វាយឫកឡើយ​ឲ្យតែ​ទំនេរ នាំ​គ្នា​ឡាយ​លក់​ទំនិញ​ខ្លួនឯង​ផ្ទាល់ ហើយ​ក៏​ជា​មនុស្ស​មាន​ចិត្ត​សន្តោស​ប្រស់ប្រណី​ដល់​អ្នក​ដទៃ។

ជំទាវ​តូច ជា​មនុស្ស​រៀបចំ​ខ្លួន​បាន​ត្រូវ​ទៅ​នឹង​កាលៈទេសៈ ឧទាហរណ៍​ពេល​នៅ​ផ្ទះ ឬ​ទៅ​ណា​ដែល​មិន​មែន​ជា​កម្មវិធី​ផ្លូវ​ការ សម្លៀកបំពាក់​ក៏​ធម្មតា​ដែរ។ តែ​បើ​ចូល​រួម​កម្មវិធី​ផ្លូវ​ការ​ហើយ​នោះ ឧកញ៉ា ស្រីអូន ត្រូវ​តែ​ស្អាត​ខ្ញង់​ទាំង​ឈុត ការ​ផាត់​មុខ អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​គ្រឿង​អលង្ការ​ពេជ្រ ឬ​មាស តាម​ស្ថានភាព​ជាក់ស្ដែង មិន​ឲ្យ​ចាញ់​អ្នក​មាន​ៗ​ដទៃ​ឡើយ។

គួរ​បញ្ជាក់​ផងដែរ​ថា កាលពី​ដើម​ខែ​កក្កដា ឆ្នាំ ២០២៤ កន្លង​​ទៅ​នេះ​លោកស្រី សុខ ស្រីអូន ​ភរិយា​​​ឧកញ៉ា អុឹង គីមហុង រហ័សនាម «ឧកញ៉ាគួរឱ្យស្រឡាញ់» ម្ចាស់បុរី TLL ត្រូវបាន​​​ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា ប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» នៅ​ថ្ងៃ ២៦ ខែមិថុនា ឆ្នាំ ២០២៤ តាមសេចក្តី​ក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕