វិវាទដែលអូសបន្លាយពេលជិតមួយឆ្នាំរវាងបុរី MC Villa គម្រោងទី១ និងអតិថិជនបានឈានដល់បិទបញ្ចប់វិវាទហើយ ព្រមទាំងត្រៀមបំបែក និងផ្ទេរកម្មសិទ្ធិដល់អតិថិជនឆាប់ៗខាងមុខ ក្រោយស្ថាប័នពាក់ព័ន្ធព្យាយាមស្វែងរកដំណោះស្រាយបញ្ចប់។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃក្រសួងសេដ្ឋកិច្ច បានបើកកិច្ចប្រជុំសម្របសម្រួលដោះស្រាយករណីបុរី MC Villa គម្រោងទី១ ស្ថិតនៅអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញដែលឈានដល់ការព្រមព្រៀងគ្នាបញ្ចប់វិវាទ និងប្រគល់ប័ណ្ណទាំងអស់មកក្រសួង ដើម្បីបំបែក និងផ្ទេរកម្មសិទ្ធិដល់អតិថិជន នាពេលឆាប់ៗខាងមុខ។ បើតាមការបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការក្រសួងរៀបចំដែនដី នាថ្ងៃទី៤ ខែកញ្ញានេះ។
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានប្រកាសថា ក្រុមហ៊ុន អិមស៊ី វីឡា ឯ.ក (MC VILLA CO.,LTD.) ប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន និងដីឡូតិ៍គ្មានអាជ្ញាបណ្ណនោះទេ។ ប្រកាសនាពេលនោះ គឺក្រោយមានវាទប្បដិវាទជាមួយអតិថិជន និងភាគីពាក់ព័ន្ធជាច្រើនករណី និងត្រូវបាននិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ន.អ.ប. បញ្ឈប់សកម្មភាពអាជីវកម្មទាំងស្រុង។
អតិថិជនជាច្រើននៃបុរី MC Villa ) គម្រោងទី១ បានប្រកាសព្រមៗគ្នាពីចាញ់បោកម្ចាស់គម្រោង ហើយទាមទារក្រុមហ៊ុនបុរីធ្វើការទូទាត់សង់សំណងវិញឲ្យបានគ្រប់គ្នាៗ ក្រោយពួកគេដឹងថា វិវាទបានកើតព្រមគ្នារវាងម្ចាស់ដី ម្ចាស់បំណុល តំណាងអតិថិជន និងតំណាងម្ចាស់បុរី៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកក្រសួងរៀបចំដែនដី