ក្រុមហ៊ុនផលិតស្ករសេដ្ឋី លី យ៉ុងផាត់ មានសមត្ថភាពផលិតស្ករមួយឆ្នាំ បានប្រមាណ ១៧ម៉ឺនតោន

ក្រុមហ៊ុនកំពង់ស្ពឺ ស៊ូហ្គើរ មានសមត្ថភាពផលិតស្ករក្នុងមួយឆ្នាំ បានប្រមាណ ១៧ម៉ឺនតោន នៅលើផ្ទៃដី ៣០ ០០០ហិកតា សម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកនឹងនាំចេញ។ នេះបើយោងតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

ក្រុមហ៊ុន កំពង់ស្ពឺ សូ៊ហ្គើរ គឺជាក្រុមហ៊ុនបុត្តសម្ព័ន្ធរបស់ក្រុមហ៊ុន LYP Group របស់​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​មហាសេដ្ឋី​មុខ​ជំនួញ លី យ៉ុងផាត់ ជាពាណិជ្ជករដ៏មានឥទ្ធិពលក្នុងអាណាចក្រជំនួញប្រទេសកម្ពុជា។ ទីតាំងក្រុមហ៊ុនមួយនេះស្ថិតនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

តាមដានជាមួយយើង៖ Million Times

ក្រុមហ៊ុន​ កំពង់ស្ពឺ ស៊ូហ្គើរ ចាប់ផ្តើមឡើង​នៅ​ក្នុង​ឆ្នាំ​២០១០ ដោយ​មាន​ទុន​វិនិយោគ​​សរុប ២២០​លាន​ដុល្លារ​អាមេរិក។ ក្រុមហ៊ុន​បាន​ចាប់​ផ្ដើម​ផលិតកម្ម នៅ​ក្នុង​ឆ្នាំ​២០១២ និង​​ដំណើរការ​ពេញលេញ​នៅ​ឆ្នាំ​២០១៤។
ក្រុមហ៊ុន​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ ៩.៣០០​ហិកតារ ស្ថិត​នៅ​ក្នុង​ស្រុក​ថ្ពង និង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ពី​រាជ​រដ្ឋាភិបាល ដើម្បី​ដាំ​អំពៅ​ និង​កសាង​រោងចក្រ​ស្ករ​ស។ នេះបើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី។

បើតាមក្រុមហ៊ុន កំពង់ស្ពឺ ស៊ូហ្គើរ ធ្លាប់បានប្រាប់គណៈប្រតិភូគណៈកម្មការទី៨នៃរដ្ឋសភា កាលពីដើមឆ្នាំ២០២៤ ក្រុមហ៊ុនមានផ្ទៃដីដាំអំពៅជិត ៨០ ០០០ហិចតា ហើយបច្ចុប្បន្នដាំបាន ៦៦៥៤,៩២ហិចតា និងមានកម្មករ និយោជិតចំនួន៥៨៨នាក់ក្នុងនោះស្រី៦១នាក់ និងទទួលបានរបបសន្តិសុខសង្គម ប.ស.ស ១០០%។

ក្រុមហ៊ុនបញ្ជាក់ថា ក្នុងការប្រតិបត្តិការបស់ខ្លួន ក្រុមហ៊ុនឈរលើគោលការណ៍ចំនួន ៣ជាសំខាន់ក្នុងការប្រើប្រាស់កំលាំងពលកម្ម រួមមាន៖ ១ ការដាំដុះ ២ ការប្រមូលផល ៣ ដំណើរការផលិតស្ករ ដោយប្រើកម្មករផង និងប្រើប្រាស់ម៉ាស៊ីន ក្នុងការដាំ និងថែទាំ ហើយរយៈពេលទទួលទិន្នផលគឺត្រូវប្រើពេល ១២ខែ ដោយក្នុងមូយហិចតាទទួលបានទិន្នផល២៩,១០តោន ក្រុមហ៊ុនអាចមានលទ្ធភាពកិនអំពៅ បាន២ម៉ឺនតោន/ថ្ងៃ និងចេញជាស្ករឆៅ បាន ២០០០តោន/ថ្ងៃ និងស្ករសបាន ១០០០តោន/ថ្ងៃ៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ បណ្តាញសង្គម