ក្រសួងយុត្តិធម៌អាមេរិកចាប់ឃាត់ទុកយន្តហោះប្រធានាធិបតីវ៉េណេស៊ុយអេឡា តម្លៃ១៣លានដុល្លារ

អាជ្ញាធរអាមេរិកកាលពីថ្ងៃចន្ទ ចាប់ឃាត់ទុកយន្តហោះ១គ្រឿងរបស់ប្រធានាធិបតី នីកូឡា ម៉ាឌុយរ៉ូ ដោយអនុវត្តតាមច្បាប់ស្តីពីទណ្ឌកម្មសហរដ្ឋអាមេរិកចំពោះថ្នាក់ដឹកនាំប្រទេសវ៉េណេស៊ុយអេឡា។

យោងតាមប្រភពព័ត៌មានចុះផ្សាយដោយ BBC បានឲ្យដឹងថា បន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ចាប់បានឃាត់ទុកយន្តហោះនោះ លោក ម៉ាឌុយរ៉ូ មិន​នៅ​លើ​យន្តហោះ​នោះ​ទេ។

តាមដានជាមួយយើង៖ Million Times

អគ្គមេធាវី Merrick Garland បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រសួងយុត្តិធម៌បានរឹបអូសយន្តហោះដែលយើងចោទប្រកាន់ថា បានទិញដោយខុសច្បាប់ក្នុងតម្លៃ ១៣លានដុល្លារតាមរយៈក្រុមហ៊ុនសែល ហើយបានរត់ពន្ធចេញពីសហរដ្ឋអាមេរិកសម្រាប់ការប្រើប្រាស់ដោយ នីកូឡា ម៉ាឌុយរ៉ូ និងបក្ខពួករបស់គាត់” ។

លោកបន្តថា ក្រសួងយុត្តិធម៌នឹងបន្តតាមដានអ្នកដែលបំពានលើការដាក់ទណ្ឌកម្មរបស់អាមេរិក និងការត្រួតពិនិត្យការនាំចេញ ដើម្បីការពារពួកគេពីការប្រើប្រាស់ធនធានរបស់អាមេរិកដើម្បីធ្វើឱ្យខូចសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក”។

ពាក់ព័ន្ធនឹងការឃាត់ទុកយន្តហោះរបស់មេដឹកនាំប្រទេសវ៉េណេស៊ុយអេឡា ប្រធានភ្នាក់ងារ HSI នៅទីក្រុង Miami ក៏បានកោតសរសើរចំពោះការរឹបអូសនេះផងដែរ។

លោក Anthony Salisbury ប្រធានភ្នាក់ងារ HSI នៅក្រុង Miami បាននិយាយថា “ការរឹបអូសយន្តហោះនេះគឺជាសកម្មភាពសំខាន់មួយទៀត ដោយការស៊ើបអង្កេតសន្តិសុខមាតុភូមិ ដែលធ្វើការជាមួយដៃគូក្នុងស្រុក និងអន្តរជាតិរបស់យើង ប្រឆាំងនឹងសកម្មភាពខុសច្បាប់នៃរបបម៉ាឌូរ៉ូ” ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ BBC News