ផ្លូវតភ្ជាប់ពីក្រុងបានលុង ទៅតំបន់កន្ទុយនាគ (ព្រំដែនកម្ពុជា ឡាវ វៀតណាម) ចាប់ផ្តើមសាងសង់ឆាប់ៗ

ក្រុមមន្រ្តីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន បើកកិច្ចប្រជុំពិនិត្យលើលទ្ធផលបឋមនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងសាងសង់ផ្លូវតភ្ជាប់ពីក្រុងបានលុង ខេត្តរតនគិរី ទៅតំបន់កន្ទុយនាគ (ព្រំដែនកម្ពុជា ឡាវ វៀតណាម) ដែលសិក្សាដោយក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC)។

កិច្ចប្រជុំនៅថ្ងៃទី៣ ខែកញ្ញានេះ តំណាងក្រុមហ៊ុន CRBC បានលើកយកនូវចំណុចសំខាន់ៗដែលបានសិក្សា មកបង្ហាញដូចជា៖ (១)ទិដ្ឋភាពទូទៅនៃគម្រោង (២) ការវិភាគលើទំហំសេដ្ឋកិច្ច និងទំហំចរាចរណ៍ (៣) ផែនការនៃការសាងសង់ (៤) ស្តង់ដារបច្ចេកទេសគោលនៃខ្សែផ្លូវ (៥) រយៈពេលនៃការសាងសង់ និងការវិនិយោគសរុប (៦)ការវាយតម្លៃលើផ្នែកហិរញ្ញវត្ថុ និង (៧) ការសុំមតិយោបល់ ដើម្បីកែលម្អ និងជាធាតុចូលបន្ថែមសម្រាប់ការសិក្សានេះ។

បន្ថែមពីលើរបាយការណ៍បឋមរបស់ក្រុមហ៊ុន CRBC ក្រុមមន្រ្តីនៃក្រសួងសាធារណការ គ្រោងនឹងចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីវិភាគ វាយតម្លៃ និងប្រមូលទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងស្នើសុំយោបល់ឯកភាពពីថ្នាក់ដឹកនាំ សំដៅធានាឱ្យបានថាខ្សែផ្លូវដ៏សំខាន់មួយនេះនឹងផ្តល់ជាឧត្តមប្រយោជន៍ជាតិ និងមានគុណភាពល្អ។

ការប្រកាសចាប់ផ្តើមសិក្សាគម្រោងសាងសង់ផ្លូវតភ្ជាប់ពីក្រុងបានលុង ខេត្តរតនគិរី ទៅតំបន់កន្ទុយនាគ ទំនងធ្វើឡើងតាមឆន្ទៈរបស់សម្តេចអតីតនាយករដ្ឋមន្រ្តី ដែលបានបង្ហាញក្តីសង្ឃឹមថា រាជរដ្ឋាភិបាល អាចសាងសង់ផ្លូវភ្ជាប់ពីខេត្តរតនគិរី ក្រុងបានលុង ទៅដល់កន្ទុយនាគ(មុំ៣) ប្រវែងជាង១៦៦គីឡូម៉ែត្រ ឱ្យបានឆាប់។

តាមរយៈការថ្លែងសារពិសេសពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV (កម្ពុជា ឡាវ វៀតណាម) កាលពីថ្ងៃទី២៣ ខែកក្កដាកន្លងទៅសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងថា សម្តេចពិតជាចង់ទៅឈរនៅត្រង់តំបន់កន្ទុយនាគ (មុំ៣) ដែលជាចំណុចប្រសព្វគ្នា នៃព្រំដែនកម្ពុជា ឡាវ និងវៀតណាម ហើយសង្ឃឹមថា រាជរដ្ឋាភិបាល អាចសាងសង់ផ្លូវតភ្ជាប់ពីខេត្តរតនគិរី ក្រុងបានលុង រហូតដល់តំបន់កន្ទុយនាគឱ្យបានឆាប់ៗ។

សម្តេចបញ្ជាក់ថា ផ្លូវនេះ ហៅថា ផ្លូវលេខ៧៨.៥ ពីក្រុងបានលុង ឆ្លងកាត់ស្រុកតាវែង ទៅដល់កន្ទុយនាគ មានប្រវែងជាង ១៦៦គីឡូម៉ែត្រ ហើយមានទទឹង៩ម៉ែត្រ ខណៈបច្ចុប្បន្នរដ្ឋាភិបាលកំពុងប្រឹងប្រែងរកថវិកា ដើម្បីធ្វើផ្លូវនេះឱ្យបានឆាប់។ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងដូច្នេះថា៖ «ខ្ញុំព្រះករុណាខ្ញុំ ពិតជាចង់ណាស់ ទៅឈរជើងនៅមុំ៣នេះ»។

លើសពីនោះទៀត សម្តេចបានរម្លឹកថា កន្លងមក រាជរដ្ឋាភិបាលវៀមណាមបានជួយស្ថាបនាផ្លូវជាតិលេខ៧៨ ពីអូយ៉ាដាវ ទៅកាន់ក្រុងបានលុង ដែលសម្ដេចជាមួយនឹងអតីតនាយករដ្ឋមន្ដ្រីវៀតណាម បានទៅសម្ពោធបើកច្រកទ្វារអន្ដរជាតិមួយនេះ ដើម្បីបង្កភាពងាយស្រួលសម្រាប់កម្ពុជា​ ក្នុងការនាំទំនិញចេញទៅកាន់ប្រទេសវៀតណាម ដោយមិនមានកង្វល់ ក្នុងការដឹកជញ្ជូនថយក្រោយ ដែលមានចម្ងាយផ្លូវឆ្ងាយ និងត្រូវអស់ថ្លៃដឹកជញ្ជូនច្រើន៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ បណ្តាញសង្គម