លោក សាយ សំអាល់៖ យើងទាំងអស់គ្នាត្រូវចូលរួមរៀបចំកម្ពុជាមាតុភូមិយើង ឱ្យក្លាយទៅជាទឹកដីសុវណ្ណភូមិ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអំពាវនាវឲ្យជនរួមជាតិជួយរៀបចំកម្ពុជាឲ្យក្លាយទៅជាទឹកដឹកសុវណ្ណភូមិ ដោយឈរលើគោលគារណ៍ឯករាជ្យ ម្ចាស់ការ និងខ្លួនទីពឹងខ្លួន។ ការប្រកាសយ៉ាងដូច្នេះរបស់លោក សាយ សំអាល់ ក្នុងពិធីបិទសិក្ខាសាលា ស្តីពីបទពិសោធន៍នៃការរៀបចំទីក្រុង និងលំនៅឋាននៅកម្ពុជា និងហុងកុង កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។

លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបណីយកម្ម និងសំណង់ បានថ្លែងថា យើងទាំងអស់គ្នាត្រូវចូលរួមរៀបចំកម្ពុជាមាតុភូមិយើង ឱ្យក្លាយទៅជាទឹកដីសុវណ្ណភូមិដែលអាចគ្រប់គ្រង និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវធនធាន និងសក្តានុពល ដោយឈរលើគោលការណ៍ឯករាជ្យ ម្ចាស់ការ និងខ្លួនទីពឹងខ្លួន។

ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រីបានរំលឹកពីទស្សនៈដ៏វែងឆ្ងាយរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឱ្យមានការចូលរួមពីយើងទាំងអស់គ្នាដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាទឹកដីសុវណ្ណភូមិ តាមរយៈការរៀបចំទីក្រុង ទីប្រជុំជន និងការបែងចែកតំបន់ទៅតាមសក្តានុពល ដែលអាចគ្រប់គ្រង និងប្រើប្រាស់បានប្រកបដោយប្រសិទ្ធភាព ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ច ស្ថេរភាពសង្គម បង្កើតការងារ និងបង្កើនចំណូលជូនប្រជាជន។

សូមជម្រាបជូនថា ពេលកន្លងទៅ លោក សាយ សំអាល់ ធ្លាប់បានលើកឡើងថា ការងារចាំបាច់របស់ក្រសួងពីពេលនេះទៅមុខទៀត គឺការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយប្រែក្លាយសង្គមកម្ពុជាឱ្យទៅជាសង្គមស៊ីវិល័យ ព្រមទាំងធ្វើឱ្យប្រជាជនកម្ពុជាច្រើនថែមទៀត មានផ្ទះសម្បែងសមរម្យ ដោយយកចិត្តទុកដាក់គិតគូរលើការរៀបចំបុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល។

លោកបន្តថា រយៈពេលមួយឆ្នាំដើមអាណត្តិទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុវត្តការងារប្រកបដោយប្រសិទ្ធភាព សាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោះស្រាយបាននូវបញ្ហាចម្រូងចម្រាសក្នុងសង្គមនាពេលបច្ចុប្បន្ន។  

បើតាមលោកលោកឧបនាយករដ្ឋមន្ត្រី សព្វថ្ងៃក្រសួងបាននឹងកំពុងអនុវត្តនូវសមរភូមិ៤ធំៗរួមមាន៖  សមរភូមិទី១.ការទ្រទ្រង់សាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីធានាដំណើរការស្ថាប័ន កសាងជំនឿ និងទំនុកចិត្តលើការដឹកនាំរួម។  សមរភូមិទី២.ការជម្រុញចុះបញ្ជីដីធ្លីបង្ហើយ  បរិយាកាសគ្មានវិវាទ និងសេវាគាប់ចិត្ត ដើម្បីកាត់បន្ថយ និងលុបបំបាត់បញ្ហាចម្រូងចម្រាស់ក្នុងសង្គមនាពេលបច្ចុប្បន្ន និងពង្រីកបន្ថែមចរន្តថវិកាជាតិ។ សមរភូមិទី៣.ការកសាង និងពូនជ្រំរដ្ឋបាលសាធារណ:ទំនើប ដែលរួមមានការពង្រឹងសមត្ថភាពមន្ត្រី ការលើកទឹកចិត្តមន្រ្តី ការពង្រឹងសមត្ថភាពស្ថាប័ន និងការរៀបចំបន្ថែមនូវសេចក្ដីព្រាងច្បាប់ផ្សេងៗ។  និង សមរភូមិទី៤. ការរៀបចំដែនដី នគររូបនីយកម្មកម្ពុជាឱ្យក្លាយជាទឹកដីសុវណ្ណភូមិដូចជាការរៀបចំទីក្រុង ទីប្រជុំជន បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គលជាដើម៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងរៀបចំដែនដី