ក្រុមហ៊ុនចិន គ្រោងបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា

ក្រុមហ៊ុនចិនមួយ មានគម្រោងវិនិយោគរោងចក្រផលិតស៊ីម៉ង់ត៍នៅកម្ពុជា ក្រោយជួបជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ ដើម្បីស្វែងយល់ពីបរិស្ថាន និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Wensheng Chen ប្រធានក្រុមហ៊ុន Jiangxi Privincial Bulding Material Gorup ដែលជាក្រុមហ៊ុនវិនិយោគក្នុងវិស័យផលិតស៊ីម៉ងត៍នៅចិន មានបំណង និងគិតគូរពីគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា។ លោកថ្លែងថា លោក និងគណៈប្រតិភូបានគូសបញ្ជាក់ពីការរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជាបច្ចុប្បន្ន និងបានបង្ហាញពីការជឿជាក់លើដំណើរអភិវឌ្ឍន៍ដ៏ត្រឹមត្រូវរបស់កម្ពុជា។

តាមដានជាមួយយើង៖ Million Times

ក្នុងជំនួបនោះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានប្រកាសអបអរសាទរចំពោះគម្រោងវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា ដែលនឹងចូលរួមចំណែកជំរុញការអភិវឌ្ឍឧស្សាហកម្មកម្ពុជា ពិេសសវិស័យសំណង់។ ទន្ទឹមនឹងនេះលោកបានស្នើឲ្យក្រុមហ៊ុនផលិតស៊ីម៉ងត៍របស់ចិនមួយនេះត្រូវមានការគិតគូរពីការចូលរួមកាត់បន្ថយការបំពុលបរិស្ថានជាអតិបរមា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ក៏ដូចជាការប្រើប្រាស់ថាមពលស្អាត។

បន្ថែមទៀតនោះ លោក ជា វុទ្ធី ក៏បានប្រាប់បញ្ជាក់ទៅកាន់គណៈប្រតិភូក្រុមហ៊ុន Jiangxi Privincial Bulding Material Gorup លោករង់ចាំដោយក្តីរីករាយក្នុងការផ្តល់កិច្ចសម្រួលគ្រប់បែបយ៉ាងជូនដល់ក្រុមហ៊ុនក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

សូមជម្រាបថា គិត្រឹមបំណាច់ឆ្នាំ២០២៣កន្លងទៅ កម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន ៥ ដែលកំពុងដំណើរការ និងមានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ ៩លានតោនក្នុងមួយឆ្នាំ។ នេះបើតាមរបាយការណ៍ក្រសួងរ៉ែ និងថាមពល៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា