មហាសេដ្ឋី ទ្រី ភាព បរិច្ចាគ ១លាន ២សែនដុល្លារដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

មហាសេដ្ឋីលំដាប់ជួរមុខ លោកអ្នកឧកញ៉ា ទ្រី ភាព បេសកជនពិសេសសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប បរិច្ចាគចំនួន ១លាន២សែនដុល្លារអាមេរិកដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។

ប្រកាសចូលរួមបរិច្ចាគរបស់សេដ្ឋី  ទ្រី ភាព ធ្វើឡើងតបតាមការប្រកាសរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលបានសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។

លោកសេដ្ឋី  ទ្រី ភាព ជានិច្ចកាលតែងតែចូលរួមបរិច្ចាគជាមួយរាជរដ្ឋាភិបាលតបតាមការអំពាវនារបស់ប្រមុខដឹកនាំ និងចូលរួមក្នុងការងារសង្គមកិច្ច អប់រំ និងសុខាភិបាលជាដើម៕