សេដ្ឋី គិត ម៉េង មានជំនឿយ៉ាងមុតមាំក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត ក្នុងការបម្រើប្រជាជន

សេដ្ឋី គិត ម៉េង មានជំនឿយ៉ាងមុតមាំក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត ក្នុងការបម្រើប្រជាជន

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ គឺមួយឆ្នាំពេញនៃការបង្កើតគណៈរដ្ឋមន្រ្តីថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ក្នុងរយៈពេលមួយឆ្នាំនេះ សេដ្ឋី គិត ម៉េង មានជំនឿយ៉ាងមុតមាំក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សមត្ថភាព ឧត្តមគតិស្នេហាជាតិ ឆន្ទៈដ៏មោះមុតក្នុងការបម្រើប្រជាជន។

ក្នុងឱកាសខួបមួយឆ្នាំសេដ្ឋី គិត ម៉េង បានសម្តែងនូវការស្ងប់ស្ញែងចំពោះសម្តេចដែលដាក់ចេញនូវគោលនយោបាយប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ ជាពិសេសដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ។ 

តាមដានជាមួយយើង៖ Million Times

ក្នុងសារលិខិតជូនសម្តេចនាយករដ្ឋមន្រ្តី សេដ្ឋី គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សមត្ថភាព ឧត្តមគតិស្នេហាជាតិ ឆន្ទៈដ៏មោះមុតក្នុងការបម្រើប្រជាជន និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចនឹងបន្តដឹកនាំនាវាកម្ពុជា បន្តឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ នាំមកនូវសុខសន្តិភាពពេញលេញ ការបង្រួបបង្រួមជាតិ និងការធានានូវអធិបតេយ្យជាតិ ដែលជាកត្តាជម្រុញវិស័យឯកជនឱ្យរីកចម្រើនឥតឈប់ឈរ ព្រមទាំងផ្តល់នូវទំនុកចិត្តដល់វិនិយោគិនទាំងក្នុង និងក្រៅស្រុក ដែលធ្វើឱ្យជាតិមាតុភូមិមានភាពសម្បូរសប្បាយ រីកចម្រើនឥតឈប់ឈរ ប្រជាពលរដ្ឋកម្ពុជារស់នៅប្រកបដោយ សុភមង្គល និងវិបុលភាព ព្រមទាំងទទួលបាននូវកិត្យានុភាពជាតិល្បីល្បាញទាំងក្នុងតំបន់ និងសកលលោក។

មានអាយុ ៥៥ឆ្នាំលោកសេដ្ឋី គិត ម៉េង ជាពាណិជ្ជករចាស់វស្សាមួយរូបនៅប្រទេសកម្ពុជាដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លា ព្រមទាំងមានអំណាចគ្រប់គ្រាន់ក្នុងដៃទៀតផងផ្នែកពាណិជ្ជកម្ម វិនិយោគ និងការទូត។ លោកតែងតែចេញទៅជាមួយរាជរដ្ឋាភិបាលក្នុងការបំពេញសកកម្មនៅក្រៅប្រទេសដើម្បីទាក់ទាញក្រុមវិនិយោគិនមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។

រាល់ពេលបំពេញបេសកកម្មលោក គិត ម៉េង តែងបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋភិបាលកម្ពុជាមានលក្ខណៈ បើកចំហសម្រាប់ធុរជនទូទៅ ដោយមិនប្រកាន់ថា មកពីប្រទេសណាឡើយ។

គួរឲ្យដឹងថា លោកសេដ្ឋី គិត ម៉េង ធ្លាប់ជាប់ក្នុងបញ្ជីអ្នកមានលើពិភពលោករបស់ទស្សនាវដ្តី Forbes កាលពីឆ្នាំ២០១៨ ដែលមានទ្រព្យសម្បត្តិសរុបចំនួន ១.៦ ពាន់លានដុល្លារ៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី