កាន់តំណែងនាយករដ្ឋមន្រ្តីភ្លាម លោកស្រី Paetongtarn ប្រកាសបង្កើនការធ្វើដំណើរតាមផ្លូវអាកាសជាមួយឥណ្ឌា

កាន់តំណែងនាយករដ្ឋមន្រ្តីភ្លាម លោកស្រី Paetongtarn ប្រកាសបង្កើនការធ្វើដំណើរតាមផ្លូវអាកាសជាមួយឥណ្ឌា

នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោកស្រី Paetongtarn Shinawatra កាលពីថ្ងៃចន្ទ បានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi សម្រាប់ការអបអរសាទរលោកស្រីក្លាយជានាយករដ្ឋមន្រ្តី ហើយបាននិយាយថា លោកស្រីទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកដើម្បីកសាងទំនាក់ទំនងដែលមានស្រាប់ និងស្វែងរកសក្តានុពលថ្មីៗដើម្បីបង្កើតឱកាសកាន់តែច្រើនសម្រាប់ប្រទេសទាំងពីរ។

លោកស្រីថ្លែងថា “ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក Modi ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរបស់យើង ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ វប្បធម៌ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងទេសចរណ៍ ជាពិសេសដើម្បីបង្កើនការធ្វើដំណើរតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ”។ នេះបើយោងតាមលោកស្រី Paetongtarn Shinawatra បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X ។

តាមដានជាមួយយើង៖ Million Times

ក្នុងសារលិខិតថ្លែងអំណរគុណដល់នាយករដ្ឋមន្រ្តីឥណ្ឌា ដែលបានអបអរសាទរ លោកស្រី Paetongtarn បានគូសបញ្ជាក់ថា “ខ្ញុំមានទំនុកចិត្តថាយើងអាចកសាងលើទំនាក់ទំនងដែលមានស្រាប់របស់យើង និងស្វែងរកសក្តានុពលថ្មីៗ ដើម្បីបង្កើតឱកាសកាន់តែច្រើនសម្រាប់ប្រទេសទាំងពីរ”។

នាយករដ្ឋមន្រ្តីឥណ្ឌា លោក Modi បានបញ្ជាក់ក្នុងសារលិខិតអបអរសាទរដល់លោកស្រី Paetongtarn ក្នុងការជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃ ដោយបង្ហាញនូវការស្វាគមន៍ ទន្ទឹងរង់ចាំធ្វើការជាមួយលោកស្រី ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងឥណ្ឌា និងថៃ ដែលផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃអរិយធម៌ វប្បធម៌ និងមនុស្សភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន”។

លោកស្រី Paetongtarn បានក្លាយជានាយករដ្ឋមន្ត្រីប៉ុន្មានថ្ងៃបន្ទាប់ពីតុលាការធម្មនុញ្ញបានដកលោក ស្រេតថា ថាវីស៊ីន ដែលកាន់តំណែងនាយករដ្ឋមន្ត្រីបានមួយឆ្នាំ ហើយត្រូវចោទប្រកាន់ដោយតុលាការរកឃើញថា លោកមានពិរុទ្ធពីបទរំលោភក្រមសីលធម៌ធ្ងន់ធ្ងរ។

លោកស្រី Paetongtarn មានវ័យ ៣៧ឆ្នាំជាអ្នកនយោបាយបន្តវេនបង្កើតឡើងដោយឪពុករបស់លោកស្រី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានទម្លាក់ដោយរដ្ឋប្រហារយោធាក្នុងឆ្នាំ២០០៦ នឹងបានត្រលប់ទៅប្រទេសថៃកាលពីឆ្នាំមុននៅពេលដែលគណបក្សរបស់លោកបានបង្កើតរដ្ឋាភិបាល៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ AP