លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា រយៈពេល ១ ឆ្នាំនៃការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងវិស័យការទូត សម្ដេចបានដាក់ចេញនូវគោលការណ៍ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី ពង្រឹងជំហរកម្ពុជាលើឆាកអន្តរជាតិ ជាពិសេសពង្រឹងការងារការទូតសេដ្ឋកិច្ច។
លោកថ្លែងថា ក្នុងរយៈពេល១ឆ្នាំពេញសម្តេចបានអញ្ជើញទៅទស្សនកិច្ចផ្លូវការនៅប្រទេសជាមិត្តបានចំនួន១៦ប្រទេស ដោយដំណើរទស្សនកិច្ច នេះគឺក្នុងគោលបំណងបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសភូមិផងរបងជាប់គ្នា ប្រទេសក្នុងតំបន់ និងក្រៅតំបន់ ដែលជាកិច្ចការដ៏សំខាន់មួយរបស់សម្តេច ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រី។ លោក តាន់ ហ្សង់ហ្វ្រង់ស័រ លើកឡើងដូច្នេះក្នុងសន្នីសារព័ត៌មានស្តីពីសមិទ្ធផលពេញមួយឆ្នាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នាព្រឹកថ្ងៃចន្ទ ខែសីហានេះ។
បើតាមលោក តាន់ ហ្សង់ហ្វ្រង់ស័រ រយៈពេល ១ ឆ្នាំនៃការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត កម្ពុជាបានពង្រឹងលើការងារការទូតរបស់ខ្លួនឱ្យកាន់តែប្រសើរថែមទៀត។ លោកបន្ថែមថា កម្ពុជាជាប្រទេសតូច តែថ្លៃថ្នូរក្នុងការងារការទូតរបស់ខ្លួន តាមរយៈបទពិសោធន៍ចាស់ទុំ និងការគោរពអនុវត្តតាមរាល់កិច្ចព្រមព្រៀងអន្តរជាតិទាំងអស់ ដែលកម្ពុជាបានចុះហត្ថលេខា។ កម្ពុជាតូចមែនពិតតែមានសំឡេងឆ្នោតដូចប្រទេសនានាលើឆាកអន្តរជាតិ។ កម្ពុជាតូចមែនពិត តែទង់ជាតិកម្ពុជាបក់រវិចនៅអង្គការសហប្រជាជាតិ អង្គការអន្តរជាតិនានា និងប្រទេសជាច្រើនទៀត។
លោកបន្ថែមទៀតថា នយោបាយការទូតបរទេសកម្ពុជា ដែលដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺសម្តេចបានដាក់ចេញនូវនយោបាយការទូតសេដ្ឋកិច្ច ដើម្បីលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រជាជន និងប្រទេសកម្ពុជាឲ្យកាន់តែខ្លាំងក្លា និងខ្ពស់បន្ថែមទៀត៕
អត្ថបទ៖ ផល កុសល