ពន្ធដារ រកលុុយបានប្រមាណ ២ ១៥៥,២៤ លានដុល្លារត្រឹមរយៈពេល ៧ខែប៉ុណ្ណោះក្នុងឆ្នាំ២០២៤

ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានប្រមាណ ២ ១៥៥,២៤ លានដុល្លារ ដែលស្មើនឹង ៥១,៧៦% ខណៈក្នុងកក្កដា ប្រមូលបានចំនួន ២៣៧,២៣ លានដុល្លារ ដែលស្មើនឹង ៥,៧០% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។ 

យោងតាមលទ្ធផលនៃកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដារបស់អគ្គនាយកដ្ឋានពន្ធដារ ពន្ធដារបានបន្តដាក់ចេញនូវវិធានការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការប្រមូលចំណូលពន្ធ ព្រមទាំងពង្រឹងការអនុវត្តវិធានការសំខាន់ៗពាក់ព័ន្ធនឹងអាករ ពិសេសលើវិស័យភេសជ្ជៈ និងអត្រាអាករពិសេសសម្រាប់ផលិតផលថ្នាំជក់ផលិត និងចែកចាយក្នុងស្រុក។

ជាមួយគ្នានេះ ពន្ធដារក៏នឹងបន្តសហការបញ្ចប់ការរៀបចំយុទ្ធសាស្ត្រកៀរគរចំណូល ២០២៤-២០២៨ របស់រាជរដ្ឋាភិបាល (RMS) បន្ថែមទៀត ដែលកន្លងមកអគ្គនាយកដ្ឋានពន្ធដារបានរៀបចំនិងផ្តល់ធាតុចូលរួចមកហើយ និងបន្ដធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងកម្មវិធីប្រកបដោយស្មារតីបុរេសកម្មតាមរយៈការអភិវឌ្ឍនិងធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងពង្រឹងសមត្ថភាពមុខងារវិភាគទិន្នន័យបន្ថែមទៀត ដើម្បីបន្តជំរុញបង្កើនកម្រិតអនុលោមភាពសារពើពន្ធ ដោយធ្វើយ៉ាងណាឱ្យមានភាពងាយស្រួលក្នុងការបំពេញកាតព្វកិច្ច ពន្ធដារ ប៉ុន្តែពិបាកក្នុងការគេចវេះ តាមរយៈការបន្តអភិវឌ្ឍបន្ថែមនូវមុខងារមួយចំនួន តាមធាតុចូលដែលទទួលបានពី អ្នកប្រើប្រាស់គ្រប់មជ្ឈដ្ឋាន ដើម្បីឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងងាយស្រួលក្នុងការអនុវត្ត។

អត្ថបទ៖ ផល កុសល រូបភាព៖ ពន្ធដារ