នាយករដ្ឋមន្ត្រីជប៉ុន​ ហ្វូម៉ូ គីហ្សីដា ប្រកាសដើរចេញពីតំណែងនៅខែក្រោយ

នាយករដ្ឋមន្ត្រីជប៉ុន​ ហ្វូម៉ូ គីហ្សីដា ប្រកាសដើរចេញពីតំណែងនៅខែក្រោយ

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូម៉ូ គីហ្សីដា (Fumio Kishida) បានធ្វើឱ្យប្រជាជនមានការភ្ញាក់ផ្អើលកាលពីថ្ងៃពុធ ដោយបានប្រកាសថា លោកនឹងចុះចេញពីតំណែងនៅពេលដែលគណបក្សរបស់លោកជ្រើសរើសមេដឹកនាំថ្មីនៅខែក្រោយ។

សារព័ត៌មាន​ AP ចុះផ្សាយថា មេដឹកនាំថ្មីអាចជួយគណបក្សនេះ លុបបំបាត់រឿងអាស្រូវ ដែលធ្វើឲ្យរដ្ឋាភិបាលរបស់លោក គីហ្សីដា មានការគម្រាមកំហែង ហើយអ្នកខ្លះមើលឃើញឱកាសសម្រាប់ប្រទេសក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ខ្លួន។ លោក គីហ្សីដា នឹងនៅតែជាប្រធានបក្ស និងជានាយករដ្ឋមន្ត្រីរហូតដល់អ្នកស្នងតំណែងត្រូវបានជ្រើសរើស។

លោក គីហ្សីដា បាននិយាយថា រឿងអាស្រូវបានកើតឡើងជាបន្តបន្ទាប់បានធ្វើឲ្យប៉ះពាល់ដល់ជឿទុកចិត្តរបស់សាធារណជន ហើយគណបក្សត្រូវតែបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្លាស់ប្តូរ។ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ លោក​បាន​និយាយ​ថា​៖ «​ជំហាន​ដំបូង​ដែល​ច្បាស់​បំផុត​ សម្រាប់​ខ្ញុំ​គឺការចាកចេញ»។

លោក គីហ្សីដា បានចូលកាន់តំណែងនាយករដ្ឋមន្រ្តីជប៉ុន នៅខែតុលា ឆ្នាំ២០២១ ដោយជំនួសលោក  ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Yoshihide Suga) ដែលបានកាន់តំណែងនេះរយៈពេលមួយឆ្នាំបន្ទាប់ពីលោក ស៊ិនហ្សូ អាបេ (Shinzo Abe) ប្រកាសចុះចេញពីតំណែងដោយសារតែ​បញ្ហា​សុខភាពនៅឆ្នាំ២០២០។

ក្នុងអំឡុងពេលជិត ៣ឆ្នាំនៅក្នុងតំណែង លោក គីហ្សីដា បានប្តេជ្ញាចាត់វិធានការប្រឆាំងអំពើពុករលួយ និងការកែទម្រង់ស្ថាប័ន រួមទាំងការរំលាយបក្សពួក និងចាត់វិធានការវិន័យចំពោះសមាជិកសភាពុករលួយណាមួយ។ ផ្ទុយពីការអះអាងរបស់លោក រឿងអាស្រូវត្រូវបានកើតឡើងជាបន្តបន្ទាប់បានធ្វើឲ្យបាត់ជឿទុកចិត្តពីសាធារណជន៕

អត្ថបទ៖​ សារ៉ាយ រូបភាព៖ AP