អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងឡើងកាន់តំណែងនាយករដ្ឋមន្រ្តីថៃជំនួសលោក សេដ្ឋា ថាវីស៊ីន


បន្ទាប់ពីការសម្រេចរបស់តុលាការធម្មនុញ្ញដោយសម្លេង ៥ទល់នឹង៤ ដើម្បីដកលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ចេញពីតំណែងនាយករដ្ឋមន្ត្រីនោះ កិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានធ្វើឡើងដើម្បីជ្រើសរើសបេក្ខជនដែលស័ក្តិសមដើម្បីកាន់តួនាទីជានាយករដ្ឋមន្ត្រីទី៣១ របស់ប្រទេសថៃយ៉ាងឆាប់រហ័ស។ ប្រធានសភា លោក វ៉ាន់​មូហាម៉ាត់ ណ មៈ​ថា (Wan Muhammad Noor Matha) បានកោះប្រជុំសភាពិសេសនៅថ្ងៃសុក្រ ទី១៦ ខែសីហា វេលាម៉ោង១០ព្រឹក ដើម្បីពិភាក្សាអំពីការជ្រើសរើស។

គណបក្សភឿថៃ បានបញ្ជាក់យ៉ាងច្បាស់ថា តំណែងនាយករដ្ឋមន្ត្រីស្ថិតក្នុងកូតារបស់ខ្លួន ខណៈដែលខ្លួនមានសំឡេងសមាជិកសភាច្រើនជាងគេ។ មានសេចក្តីរាយការណ៍ថា គណបក្សភឿថៃនឹងស្នើលោក ចៃកាសេម នីទីស៊ីរី (Chaikasem Nitisiri) ជាបេក្ខភាពរបស់ពួកគេសម្រាប់តួនាទី។ នេះបើយោងតាមសារព័ត៌មាន The Nation។

តាមដានជាមួយយើង៖ Million Times

លោក ចៃកាសេម នីទីស៊ីរី ដែលជាឥស្សរជនជាន់ខ្ពស់ផ្នែកច្បាប់ដែលបានបម្រើការនៅក្នុងរដ្ឋាភិបាលថៃមុនៗ ដោយធ្លាប់បានកាន់ការងារជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី​ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងជាគ្រូបង្រៀនផ្នែកច្បាប់ និងជាអ្នកណែនាំដល់ម្ចាស់ក្សត្រី Bajrakitiyabha ដែលជាបុត្រីច្បងរបស់ព្រះមហាក្សត្រ។

លោក ចៃកាសេម កើតនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៤៨ គឺជាអតីតទីប្រឹក្សារបស់លោក សេដ្ឋា ថាវីស៊ីន ប្រធានគណៈកម្មាធិការដឹកនាំយុទ្ធសាស្ត្រ និងនយោបាយ អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអតីតទីប្រឹក្សាមជ្ឈមណ្ឌលសម្រាប់ដំណោះស្រាយគ្រាអាសន្ន។ លោកក៏ជាអតីតសមាជិកសភាបញ្ជីឈ្មោះ អតីតអគ្គមេធាវី និងជាអតីតព្រះរាជអាជ្ញាជាន់ខ្ពស់ (ទីប្រឹក្សាអគ្គមេធាវី) នៅការិយាល័យអគ្គមេធាវីផងដែរ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ The Nation