កម្ពុជា មានសុឆន្ទៈសម្រេចឱ្យបានសច្ចាប័នលើកិច្ចព្រមព្រៀងស្តីពីការរុករក និងសង្គ្រោះតាមផ្លូវអាកាស និងផ្លូវសមុទ្រ

កម្ពុជា មានសុឆន្ទៈសម្រេចឱ្យបានសច្ចាប័នលើកិច្ចព្រមព្រៀងស្តីពីការរុករក និងសង្គ្រោះតាមផ្លូវអាកាស និងផ្លូវសមុទ្រ

ក្នុងនាមជាប្រធានប្តូរវេនវេទិកាអាស៊ានដឹកជញ្ជូនលើកទី១១ ស្តីពីការរុករក និងសង្គ្រោះតាមផ្លូវអាកាស និងផ្លូវសមុទ្រ កម្ពុជាមានសុឆន្ទៈក្នុងការសម្រេចឱ្យបានការសហការជាមួយប្រទេសសមាជិកអាស៊ានទាំងអស់ក្នុងការអនុវត្តផែនការសច្ចាប័នលើកិច្ចព្រមព្រៀងស្តីពីការរុករក និងសង្គ្រោះតាមផ្លូវអាកាស និងផ្លូវសមុទ្រឱ្យបានគ្រប់សមាជិកអាស៊ានទាំងអស់។ 

កាលពីថ្ងៃពុធ ទី១៤ ខែសីហា ក្នុងវេទិកាអាស៊ានដឹកជញ្ជូនលើកទី១១ ដែលមានការចូលរួមពីតំណាងប្រទេសសមាជិកអាស៊ានក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវសមុទ្រ និងមន្ត្រីលេខាធិការអាស៊ានជាអ្នកសម្របសម្រួល លោក អៀង វ៉េងស៊ុន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់អំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ានលើការងាររុករក និងសង្គ្រោះ ដោយប្រទេសសមាជិកអាស៊ានបានខិតខំកសាងកិច្ចព្រមព្រៀងឱ្យសម្រេចបានរហូតទទួលបានការអនុម័តពីថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន នាដើមឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី។ ក្នុងន័យនេះ កិច្ចការបន្តរបស់បណ្តាប្រទេសសមាជិក គឺខិតខំរៀបចំនីតិវិធីផ្ទៃក្នុង ដើម្បីស្នើសុំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសនីមួយៗពិចារណាផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពីការរុករក និងសង្គ្រោះតាមផ្លូវអាកាស និងផ្លូវសមុទ្រឱ្យបានគ្រប់សមាជិកអាស៊ានទាំងអស់។ 

តាមដានជាមួយយើង៖ Million Times

សូមជម្រាបថា ប្រសិទ្ធភាពនៃការផ្តល់សច្ចាប័ននៃកិច្ចព្រមព្រៀងខាងលើនឹងមានសារសំខាន់ដល់ការពង្រីកកិច្ចសហប្រតិបត្តិការ មិនត្រឹមក្នុងក្របខណ្ឌអាស៊ាននោះទេ តែថែមទាំងអាចអនុញ្ញាតឱ្យបណ្តាប្រទេសដៃគូសន្ទនាអាស៊ាន និងដៃគូអភិវឌ្ឈន៍នានា អាចចូលរួមសហការផ្តល់ជាបទពិសោធន៍ និងចំណេះដឹងដល់អ្នកអនុវត្តផ្នែករុករក និងសង្គ្រោះឱ្យមានចំណេះដឹងពេញលេញ និងមានមធ្យោបាយ សម្ភារប្រើប្រាស់គ្រប់គ្រាន់ក្នុងកិច្ចសហប្រតិបត្តិការរុករក និងសង្គ្រោះឱ្យបានគ្រប់ជ្រុងជ្រោយនាពេលអនាគត។

នៅចំពោះមុខ ដែលភាគីកម្ពុជាជាប្រធានប្តូរវេនដឹកនាំអង្គវេទិកាឆ្នាំ២០២៤ និងឆ្នាំ២០២៥ កម្ពុជាមានសុឆន្ទៈក្នុងការសម្រេចឱ្យបានការសហការជាមួយប្រទេសសមាជិកអាស៊ានទាំងអស់ក្នុងការអនុវត្តផែនការ ដូចមានចែងក្នុងកិច្ចព្រមព្រៀងឱ្យទទួលបានប្រសិទ្ធភាព ពិសេសតាមដានការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងរបស់ប្រទេសនីមួយៗ ដើម្បីអាស៊ានអាចសម្រេចបានការងារតាមផែនការគ្រោងទុក៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រសួងសាធារណការ