កូនប្រុសច្បងអ្នកឧកញ៉ា គិត ម៉េង នាំយកយីហោសណ្ឋាគារលំដាប់ពិភពលោកមកកាន់កម្ពុជា

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ ប្រកាសពីការចុះហត្ថលេខាកិច្ចព្រមព្រៀងភាពជាដៃគូដ៏សំខាន់ជាមួយក្រុមហ៊ុន Marriott International ដើម្បីនាំយកយីហោសណ្ឋាគារឈ្មោះ The Ritz-Carlton មកកាន់រាជធានីភ្នំពេញ។ 

សេចក្ដីប្រកាសព័ត៌មាន ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ ដែលមានឧកញ៉ា គិត ស៊ូឡា នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ បានបញ្ជាក់ថា ការដែលម៉ាកយីហោប្រណីតល្បីល្បាញលំដាប់ថ្នាក់ពិភពលោក The Ritz-Carlton ទាំងពីរនេះ ដើម្បីលើកកម្ពស់ស្តង់ដានៃប្រណីតភាព និងភាពល្អឥតខ្ចោះ នៅក្នុងប្រទេសកម្ពុជា។

ឧកញ៉ា គិត ស៊ូឡា ថ្លែងថា ស្ថិតនៅចំបេះដូងនៃរាជធានី សណ្ឋាគារ Ritz-Carlton Phnom Penh នឹងផ្តល់នូវទស្សនីយភាព ជាមួយទេសភាព នៃអគារដ៏ល្បីក្នុងទីក្រុងភ្នំពេញ រួមមានព្រះបរមរាជវាំង និងទន្លេមេគង្គដ៏ធំ និងមានភាពស្រស់ស្អាត។ ការអភិវឌ្ឍដ៏មានកិត្យានុភាពនេះ បានត្រៀមខ្លួនក្លាយជាទីតាំង មួយសម្រាប់បដិសណ្ឋារកិច្ចដ៏ប្រណីតនៅកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

បើតាមសេចក្តីប្រកាសព័ត៌មាន ការអភិវឌ្ឍអចលនទ្រព្យនេះ គឺស្ថិតនៅលើមហាវិថីព្រះនរោត្តម និងជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍អចលនទ្រព្យបែបពហុអគារដែលមាន សណ្ឋាគារ លំនៅឋាន និងការិយាល័យ។ ទាំងនេះនឹងក្លាយជាបទពិសោធថ្មីស្រឡាង នៅលើវេហានៃទីក្រុងភ្នំពេញ៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ បណ្តាញសង្គម