ថ្នាក់ដឹកនាំកំពូលសម្ព័ន្ធ ជីបម៉ុង គ្រុប អមស្ថាបនិកអ្នករៀបចំព្រឹត្តិការណ៍ Gumball 3000 ជួបសម្តេច ហ៊ុន ម៉ាណែត

នាព្រឹកថ្ងៃសុក្រ ទី៩ ខែសីហានេះ ថ្នាក់ដឹកនាំកំពូលៗរបស់សម្ព័ន្ធក្រុមហ៊ុន ជីបម៉ុង គ្រុប ដែលមានអ្នកឧកញ៉ា លាង ឃុង អ្នកឧកញ៉ា លាង ម៉េង ឧកញ៉ា លាង ហួង និងឧកញ៉ា លាង ពៅ អមដំណើរលោក Maximillion Cooper ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gumball 3000 ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅវិមានសន្តិភាព។

ដំណើរអញ្ជើញមកប្រទេសកម្ពុជារបស់ស្ថាបនិក Gumball 3000 គឺដើម្បីចូលរួមរៀបចំព្រឹត្តិការណ៍ GUMBALL3000 នៅលើទឹកដីកម្ពុជា នាខែកញ្ញាខាងមុខនេះ ដែលរៀបចំសម្របសម្រួលដោយ ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន ជីប ម៉ុង និងស្ថាប័នពាក់ព័ន្ធនានា។ ព្រឹត្តិការណ៍នេះ នឹងមានភ្ញៀវទេសចរណ៍អន្តរជាតិ បុគ្គលមានឥទ្ធិពល មហាសេដ្ឋី តារាល្បីៗ និង កីឡាករល្បីៗរាប់ពាន់នាក់ ដែលមកពីជុំវិញពិភពលោកមកចូលរួមតាមរយៈព្រឹត្តិការណ៍ GUMBALL3000 នេះ។

តាមដានជាមួយយើង៖ Million Times

បណ្តាញសង្គមផ្លូវការសម្តេចនាយករដ្ឋមន្រ្តី បានឲ្យដឹងថា ក្រុមហ៊ុន Gumball 3000 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយជនជាតិអង់គ្លេស គឺជាម៉ាកយីហោដ៏ល្បីផ្តោតលើការរៀបចំព្រឹត្តិការណ៍ ការកម្សាន្ត និងរបៀបរស់នៅបែបប្រណិតភាព។ ទន្ទឹមនឹងនេះការរៀបចំព្រឹត្តិការណ៍ “Gumball 3000 Rally in Cambodia” នឹងចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសទេសចរណ៍ទៅក្នុងខេត្តសៀមរាប។

លើទំព័រហ្ងេសប៊ុករបស់ក្រុមហ៊ុន ជីបម៉ុង គ្រុប សម្រាប់ម្ចាស់រថយន្ត Supercar, Hypercar, Luxurycar ទាំងអស់ក៏អាចចូលរួមជាមួយ GUMBALL3000 ក្នុងការរួមចំណែកសប្បុរសធម៌ទៅមន្ទីពេទ្យកុមារអង្គរនៅខេត្តសៀមរាប ក៏ដូចជាមានសិទ្ធិក្នុងការដាក់តាំងរថយន្តនៅខាងមុខប្រាសាទអង្គរ ដើម្បីចូលរួមក្នុងការបង្កើតកំណត់ត្រាពិភពលោក GUNNIES WORLD RECORD ផងដែរ៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី