៣ ប្រទេសនៅអាស៊ានប្រមូលលុយពេញៗដៃពីការលក់រថយន្តអគ្គិសនី

ប្រទេសចំនួន ៣ នៅក្នុងតំបន់អាស៊ានដូចជា វៀតណាម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ីកំពុងប្រមូលលុយពេញៗដៃពីការលក់រថយន្តអគ្គិសនី (EV) ។ នេះបើយោងតាមការសិក្សាស្រាវជ្រាវរបស់ធនាគារវិនិយោគ Maybank ។

ម៉ាឡេស៊ីបានរាយការណ៍ពីការលក់ដាច់រថយន្តអគ្គិសនីរហូតដល់ ១០,៦៦៣ គ្រឿង ពោលកើនឡើង ១៤២ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈឥណ្ឌូណេស៊ីលក់បាន ១១,៩៤៣ គ្រឿង កើនឡើង ១០៤ ភាគរយ ។

ចំណែកឫសគល់ដែលនាំឱ្យប្រទេសអាស៊ានទាំង ៣ កើបលុយពីការលក់រថយន្តអគ្គិសនីនេះ ធនាគារ Maybank បានបញ្ជាក់ប្រាប់ថា គឺដោយសារតែមិនមានច្បាប់សាំញ៉ាំ មានម៉ាកយីហោផលិតក្នុងស្រុក និងវត្តមានជ្រៀតចូលនៃក្រុមហ៊ុនផលិតរថយន្តចិន ។

តាមដានជាមួយយើង៖ Million Times

បច្ចុប្បន្នក្រុមហ៊ុនអាស៊ានដែលកំពុងចាប់ដៃគូជាមួយក្រុមហ៊ុនផលិតរថយន្តចិនសម្រាប់ការផលិត និងការលក់ កំពុងចំណេញខាងអត្ថប្រយោជន៍កើតចេញពីការទទួលបានធាតុផលិតអាគុយរថយន្តដែលមានគុណភាពល្អ មិនថាជាប្រភេទរថយន្តបែបណានោះទេ ។

ការចាប់ដៃគ្នារកស៊ីនេះកើតមានឡើង បន្ទាប់ពីចិនបានងាកមកដាក់គោលដៅវាយលុកទីផ្សាររថយន្តអគ្គិសនីនៅក្នុងតំបន់អាស៊ាន ដើម្បីឈានទៅដល់ការសម្រេចបានមហិច្ឆតាជាប្រទេសនាំមុខគេក្នុងឧស្សាហកម្មរថយន្តអគ្គិសនីនៅលើពិភពលោក ។

ជាក់ស្ដែងតម្រូវការរថយន្តអគ្គិសនីរបស់ចិននៅក្នុងតំបន់អាស៊ានបានកើនឡើង ៨៩៤ ភាគរយកាលពីឆ្នាំ ២០២៣ ក្រោយពេលដែលអាមេរិក និងសហភាពអឺរ៉ុបបានសង្គ្រឺតយកពន្ធគយលើរថយន្តអគ្គិសនីរបស់ចិនដើម្បីគាំទ្រដល់ឧស្សាហកម្មក្នុងស្រុករបស់ពួកគេ ៕

FILE PHOTO: People use their phones in front of the BYD Seagull that is displayed at the Auto Shanghai show, in Shanghai, China April 19, 2023. REUTERS/Aly Song/File Photo

បកប្រែ ៖ ទីន