អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ទទួលគ្រឿងឥស្សរិយយសថ្នាក់ «ជាតូបការ» ដោយផ្ទាល់ពីសម្តេច ហ៊ុន ម៉ាណែត

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឬទ័យប្រោសប្រទានគ្រឿងឥស្សរិយយស «ជាតូបការ» ដែលពិធីប្រគល់មេដាយថ្នាក់កិត្តិយសខ្ពង់ខ្ពស់បំផុតនេះ ត្រូវបានបំពាក់ដោយផ្ទាល់ពី សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

ពិធីបំពាក់ធ្វើឡើងក្នុងឱកាសពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីនៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅអគារដឹព្រេមៀរ សេនធ័រ សែនសុខ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។

តាមដានជាមួយយើង៖ Million Times

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន គឺជាស្ថាបនិកនៃសម្ព័ន្ធក្រុមហ៊ុន សេម អេសអិន គ្រុប ដែលវិនិយោគក្នុងពហុវិស័យ។ ពាណិជ្ជករវ័យជាង៣០ឆ្នាំរូបនេះ ក៏ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ អ្នកឧកញ៉ាក៏ជាសមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា និងជាសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា។

ក្នុងនាមជាអ្នកវិនិយោគម្នាក់ អ្នកឧកញ៉ាតែងតែត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថាប័ន សមាគមពាក់ព័ន្ធក្នុងវិស័យវិនិយោគ ពាណិជ្ជកម្ម និងការទូតអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ វេទិការផ្គូរផ្គង់ពាណិជ្ជកម្ម និងជំរុញវិនិយោគជាមួយបណ្តាប្រទេសនានាលើពិភពលោកទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស។ 

អ្នកឧកញ៉ាដែលមានប្រវត្តិតស៊ូច្រើនក្នុងជីវិតរូបនេះ ជានិច្ចកាលតែងតែលេចមុខបង្ហាញខ្លួនក្នុងការចូលរួមឧបត្ថម្ភ និងបរិច្ចាគទ្រព្យធនធានដល់រាជរដ្ឋាភិបាលកម្ពុជា កាកបាទក្រហមកម្ពុជា សមាគមឧកញ៉ាកម្ពុជា និងចូលរួមឧបត្ថម្ភដោយផ្ទាល់ក្នុងកិច្ចការមនុស្សធម៌ជាច្រើនដូចភ្លៀងរលឹមនាពេលកន្លងទៅ។

កាលពីឆ្នាំកន្លងទៅ អ្នកឧកញ៉ា សំ សុខនឿន រួមជាមួយសប្បុរជនផ្សេងទៀត បានផ្ដល់អំណោយរថយន្តគិលានសង្គ្រោះចំនួន ៥គ្រឿង ដល់បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការសង្គ្រោះនានា ។

ពិធីប្រគល់ និងទទួលអំណោយរបស់សប្បុរសជននេះ បានធ្វើឡើងក្រោមវត្តមានសម្តេច ហ៊ុន ម៉ាណែត កាលសម្តេចកាន់តំណែងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម នៅបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម៕

អត្ថបទ៖ នារតី រូបភាព៖ ផ្តល់ឲ្យ