ពីពេលនេះ ចង់ថត Pre-wedding ថតវីដេអូនៅតំបន់អង្គរលែងស្នើសុំទៀតហើយ

សម្រាប់អ្នកដែលចង់ថតរូប Pre-wedding ឬថតវីដេអូក្នុងគោលបំណងផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅតំបន់អង្គរ មិនចាំបាច់ដាក់លិខិតដើម្បីសុំការអនុញ្ញាតទៅអាជ្ញាធរអប្សរាទៀតនោះទេ។ នេះបើតាមប្រសាសន៍សម្តេច ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីនៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និង សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។

តាមដានជាមួយយើង៖ Million Times



សម្តេចបានលើកឡើងថា មន្រ្តីអាជ្ញាធរអប្សរាមិនត្រឹមមានតួនាទីអភិរក្ស ការពារប្រាសាទនោះទេ តែត្រូវអភិរក្សតម្លៃរបស់ប្រាសាទទៀតផង គឺត្រូវពិនិត្យចៀសវាងការថតរូបផ្សេងៗក្នុងរូបភាពមិនល្អ​ អាសអាភាសដែលប៉ះពាល់ដល់កិត្តិយសដ៏ថ្លៃថ្នូររបស់ប្រាសាទបុរាណខ្មែរ។

តាមពិតគោលការណ៍ពាក់ព័ន្ធនឹងឯកសណ្ឋាន សម្លៀកបំពាក់ ការសុំច្បាប់គឺបានអនុវត្តតាំងពីឆ្នាំ៩០ជាងមកម្ល៉េះ តែពេលនោះនៅកម្ពុជាមិនទាន់មានការប្រើប្រាស់កាមេរ៉ាទំនើបច្រើនឡើយ។ ដោយឡែកបច្ចុប្បន្នការប្រើប្រាស់ឧបករណ៍ថតរូបមានច្រើនសម្បូរបែប ដែលត្រឹមប្រើទូរសព្ទក៏ថតបាន ដូច្នេះអាជ្ញាធរអប្សរាត្រូវមានកាតព្វកិច្ចត្រូតពិនិត្យនិងត្រូវរក្សាតម្លៃកេរ្តិ៍ឈ្មោះរបស់ប្រាសាទ។

យ៉ាងណាក្តីដើម្បីឲ្យភាពងាយស្រួល សម្តេចហ៊ុន ម៉ាណែត បានពិភាក្សាជាមួយអាជ្ញាអរអប្សរាដោយសម្រេចបន្ធូរលក្ខខណ្ឌមួយចំនួនដូចជា៖


-ការស្លៀកពាក់ប្រពៃណីរបស់ជនជាតិពីបណ្តាលប្រទេសផ្សេងៗថតរូបនៅប្រាសាទអង្គរវត្តត្រូវបានអនុញ្ញាត ។

-ការថតរូបឬវីដេអូលក្ខណៈឯកជនក្នុងគោលបំណងផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅប្រាសាទអង្គរវត្តត្រូវបានអនុញ្ញាតដោយមិនចាំបាច់សុំច្បាប់ ឬបង់ប្រាក់នោះទេ។
-ការថតរូប ឬវីដេអូ Pre wedding ត្រូវបានអនុញ្ញាតដោយមិនបាច់ស្នើសុំមុនឬង់ប្រាក់នោះទេ។

-ប្រជាពលរដ្ឋខ្មែរចង់ស្លៀកសំលៀកបំពាក់បុរាណឬប្រពៃណីក្នុងន័យផ្សព្វផ្សាយពីវិស័យវប្បធម៍ខ្មែរនៅតំបន់ប្រាសាទអង្គរវត្ត អនុញ្ញាតឲ្យថតដោយគ្មានការបង់ប្រាក់នោះទេ។

ទន្ទឹមគ្នានេះដែរ សម្តេច ហ៊ុន ម៉ាណែត សំណូមពរទាំងភ្ញៀវជាតិនិងបរទេសសូមរក្សានូវក្រមសីលធម៍តាមប្រពៃណី ចៀសវាងការថតរូបឬវីដេអូក្នុងរូបភាពមិនល្អ ដែលនាំឲ្យប៉ះពាល់ដល់វប្បធម៍ជាតិ និងសក្ការៈជាតិ ៕



អត្ថបទ៖ នារតី