គម្រោងចំនួន ២៤បន្ថែមទៀត នៅខេត្តព្រះសីហនុ ទទួលការលើកទឹកចិត្តពីរាជរដ្ឋាភិបាល

គម្រោងចំនួន ២៤ ដែលមានទឹកប្រាក់វិនិយោគចំនួន ១២៩លានដុល្លារបន្ថែមទៀត នៅខេត្តព្រះសីហនុ ត្រូវបានទទួលការលើកទឹកចិត្តពីរាជរដ្ឋាភិបាល។

ការសម្រេចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យលើគម្រោងវិនិយោគ និងធុរកិច្ច ដែលបានស្នើសុំការលើកទឹកចិត្ត, ការអនុគ្រោះ, ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទ ដឹកនាំដោយលោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤។

ជាលទ្ធផលអង្គប្រជុំ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៤ ដែលមានទំហំទឹកប្រាក់វិនិយោគចំនួន ១២៩លានដុល្លារ ពាក់ព័ន្ធនឹងគម្រោងអគារកំពុងជាប់គាំង, គម្រោងដែលចាប់ផ្តើមអនុវត្តក្នុងឆ្នាំ ២០២៤, ការពង្រីកគម្រោង និងគម្រោងដែលមានស្រាប់។

កាលថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤កន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤ ដោយដាក់ចេញនូវវិធានការនានា រួមទំាំងការផ្តល់អត្ថប្រយោជន៍ពិសេស ជូនវិនិយោគិន និងធុរជន ដែលស្នើសុំ និងអនុវត្តគម្រោងក្នុងឆ្នាំ ២០២៤ ក្នុងខេត្តព្រះសីហនុ។

គួរឲ្យដឹងដែរថា ចាប់ពីខែកុម្ភៈ ដល់ខែមិថុនា ឆ្នាំ ២០២៤ ក្រុមការងារបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងចំនួន ៦១ ដែលមានទំហំវិនិយោគសរុបប្រមាណ ៣,៧ ប៊ីលានដុល្លាររួចមកហើយ ។ ចំនួននេះមានការកើនឡើងជាបន្តបន្ទាប់ គឺកើនឡើង ៦៧១ភាគរយ បើគិតចាប់ពីខែ កុម្ភៈ រហូតដល់ខែ មិថុនាឆ្នាំ ២០២៤៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម