រដ្ឋចំណាយថវិកាជាង ១ពាន់ ៣រយលានដុល្លារ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់អំឡុងពេលកូវីដ-១៩

រដ្ឋចំណាយថវិកាជាង ១ពាន់ ៣រយលានដុល្លារ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់អំឡុងពេលកូវីដ-១៩

រដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង ១ពាន់ ៣រយលានដុល្លារ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។ កម្មវិធីនេះ ត្រូវបានដាក់ឲ្យអនុវត្ត កាលពីថ្ងៃទី ២៤ ឆ្នាំ  ២០២០កន្លងទៅនេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គមលើកទី ១២ ក្រោមអធិបតីភាពលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី ៣១ ខែកក្កដានេះ បានឲ្យដឹងថា “ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់”នេះ មានរយៈពេល ៤៦ ខែ ដែលក្នុងនោះការអនុវត្ត ពេញលេញរយៈពេល ៤៣ ខែ (ខែមិថុនា ឆ្នាំ ២០២០ ដល់ ខែធ្នូ ឆ្នាំ ២០២៣) និងការអនុវត្តយុទ្ធសាស្ត្រ ចាកចេញពីកម្មវិធីមានរយៈពេល ៣ ខែ (ខែ មករា ដល់ខែ មីនា ឆ្នាំ ២០២៤)។

តាមដានជាមួយយើង៖ Million Times

កម្មវិធីនេះ បានផ្តល់សាច់ប្រាក់ ឧបត្ថម្ភប្រចាំខែដល់គ្រួសារក្រីក្រ និងងាយរងគ្រោះចំនួនប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២,៨លាននាក់ ដោយបានចំណាយថវិការដ្ឋសរុបចំនួន ៥ ៤៣៨ ៤៨៦ ៤១៩ ០០០ រៀល ឬស្មើនឹង ១ ៣៥៩,៦២ លានដុល្លារ។

គួរជម្រាបថា ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងប្រតិតុល្យការនៃការអនុវត្តកម្មវិធី ក្រុមប្រឹក្សាជាតិគាំពារសង្គម បានរៀបចំការវាយតម្លៃជាប្រចាំសម្រាប់ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់” នេះ រួមមានទាំងការវាយតម្លៃកម្មវិបាករបស់កម្មវិធីលើសង្គម-សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន និងការវាយតម្លៃលើដំណើរការនៃការអនុវត្តកម្មវិធី ផងដែរ៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម