លោក ស៊ី ជីនពីង ចេញបញ្ជាឱ្យពង្រឹងសេដ្ឋកិច្ចទីផ្សារដើម្បីជួយខ្យល់ដង្ហើមដល់អាជីវកម្ម

លោក ស៊ី ជីនពីង ចេញបញ្ជាឱ្យពង្រឹងសេដ្ឋកិច្ចទីផ្សារដើម្បីជួយខ្យល់ដង្ហើមដល់អាជីវកម្ម

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានចេញបញ្ជាឱ្យមន្ត្រីអ្នកមុខអ្នកការទាំងអស់ផ្ដោតលើការកាត់បន្ថយសមត្ថភាពផលិតកម្មដែលលែងមានប្រសិទ្ធភាព ហើយងាកមកពង្រឹងយន្តការសេដ្ឋកិច្ចទីផ្សារធ្វើយ៉ាងណាឱ្យអាជីវកម្មមានខ្យល់ដង្ហើមដកឡើងវិញដើម្បីធ្វើការប្រកួតប្រជែង ។

ការដាក់ចេញគោលនយោបាយសេដ្ឋកិច្ចថ្មីរបស់លោកប្រធានាធិបតីកើតមានឡើងក្នុងកិច្ចប្រជុំការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈឹមរបស់គណបក្សកុម្មុយនិស្តចិនសម្រាប់ការអនុវត្តក្នុងឆមាសទី ២ នៃឆ្នាំ ២០២៤ នេះ ។

តាមដានជាមួយយើង៖ Million Times

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍ថា ការសម្រេចចិត្តរបស់លោកប្រធានាធិបតី ស៊ី ជីនពីង គឺដើម្បីការពារការប្រកួតប្រជែងទីផ្សារក្នុងស្រុកហួសកម្រិត ចំ​ពេល​បណ្ដាប្រទេសលោកខាងលិចកំពុងសង្គ្រឺតដាក់ពន្ធបន្ថែម​លើ​រថយន្ត​អគ្គិសនី​ពី​ប្រទេស​ចិន ។

ក្រៅពីបញ្ហាទាំងនេះ លោកប្រធានាធិបតីក៏បានចេញគោលការណ៍មួយចំនួនបន្ថែមទៀតលើការជំរុញការទិញផ្ទះដែលលក់មិនទាន់ដាច់ដើម្បីដោះស្រាយវិបត្តិអចលនទ្រព្យ ក៏ដូចជាជំរុញឱ្យមានការចំណាយលើវិស័យចាំបាច់ផ្សេងទៀតដូចជា ទេសចរណ៍ និងការថែទាំសុខភាពផងដែរ ។

សូមជម្រាបថា នៅឆ្នាំ ២០២៤ នេះរដ្ឋាភិបាល​ចិន​បាន​កំណត់​ទិសដៅ​សម្រេចឱ្យ​បាន​នូវ​អត្រា​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៥ ភាគរយ ខណៈគិតត្រឹម ៦ ខែដើមឆ្នាំនេះរដ្ឋាភិបាលទីក្រុងប៉េកាំងឈានដល់កម្រិត ៤.៧ ភាគរយទៅហើយ ៕

បកប្រែ ៖ ទីន