ខេត្តព្រះសីហនុ មានរោងចក្រចំនួន ២៧០រោងចក្រ ដែលមានទុនវិនិយោគប្រមាណ ២.៦០០លានដុល្លារ

ខេត្តព្រះសីហនុដែលជាខេត្តសក្តានុពលមួយរបស់កម្ពុជានាទិសនារតី មានរោងចក្រចំនួន ២៧០រោងចក្រ ដែលមានទុនវិនិយោគប្រមាណ ២.៦០០លានដុល្លារ គិតត្រឹឹមខែកក្កដា ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់ពីលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្នុងពេលផ្ដល់កិច្ចសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV ស្ដីពី «វឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តព្រះសីហនុ»។

លោក ម៉ាង ស៊ីណេត បានលើកឡើងថា ក្នុងចំណោមរោងចក្រចំនួន ២៧០នោះ មាននៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥ ដែលមានចំនួន ២១៥រោងចក្រ និងមានកម្មករជាង ៣៨.០០០នាក់ ហើយនៅក្រៅតំបន់មានចំនួន ៥៥រោងចក្រជាមួយកម្លាំងពលកម្មប្រមាណជាង ៥០.០០០នាក់។

តាមដានជាមួយយើង៖ Million Times

ជាមួយគ្នានោះនៅក្នុងខេត្តព្រះសីហនុ ក៏មានវិស័យសហគ្រាសធុនតូច និងមធ្យម (SME) ប្រមាណ ១២.០០០សហគ្រាស ដែលមានទុនវិនិយោគប្រហែលជាង ៣០លានដុល្លារអាមេរិកផងដែរ។

ដោយឡែក តំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៣ ក្នុងនោះមានតែ ៥ប៉ុណ្ណោះកំពុងដំណើរការ ក្រៅពីនេះស្ថិតក្នុងដំ​ណាក់កាលអភិវឌ្ឍន៍។ បើតាមលោកអភិបាលខេត្តព្រះសីហនុ ក្នុងចំ​ណោមទាំង ៥នោះរួមមាម៖ ទី១ តំបន់សេដ្ឋកិច្ចខេត្តព្រះសីហនុ ចំនួន ១៨០រោងចក្រ និងកម្មករជាង ២.៥០០នាក់។ ទី២ តំបន់សេដ្ឋកិច្ចពិសេសស្វ័យតក្រុងព្រះសីហនុ មានចំនួន ២រោងចក្រ ។ ទី ៣ តំបន់សេដ្ឋកិច្ចពិសេស ជាជាំង នៅស្រុកព្រៃនប់មាន ២៦រោងចក្រ និងមានកម្មករជិត ៩.០០០នាក់។ ទី៤ តំបន់សេដ្ឋកិច្ចពិសេស ហ្គែនបូកគោ មានរោងចក្រចំនួន ៣ ជាមួយកម្មករជិត ២.០០០នាក់ និងទី ៥ តំបន់សេដ្ឋកិច្ច ខេមបូឌា ស៊ីណូមេឡូលីត។

ទន្ទឹមនឹងនោះ លោក ម៉ាង ស៊ីណេត ក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគទាំងអស់គ្រប់ជាតិសាសន៍ដែលមានទុនក្រោម ១លានដុល្លារមកវិនិយោគនៅខេត្តព្រះសីហនុ ហើយវិនិយោគទៅលើអ្វីដែលស្របនឹងតម្រូវការនាពេលបច្ចុប្បន្ន។ លោកថ្លែងថា «អ្នកធំ គេស្ទូចយកអ្នកធំតាមស្តង់ដារខ្ពស់ ប្រសិនបើយើងមានទុនល្មមកម្រិតណាមួយយើងក៏អាចទាក់ម៉ូយយកអ្នកដែលអាចសមស្របនឹងយើងបានដែរ ព្រោះប្រជាជនយើងនៅទូទាំងប្រទេសមានកម្រិតជីវភាពផ្សេងៗគ្នា »។

លោកថ្លែងបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ លោកពិតជាស្វាគមន៍អ្នកវិនិយោគទាំងអស់ ទោះចាប់អារម្មណ៍វិិនិយោគក្រោម ៥លានដុល្លារ ក្រោម ១លានដុល្លារក៏លោកទទួលស្វាគមន៍ដែរមកវិនិយោគនៅខេត្តព្រះសីហនុ៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រសួងមហាផ្ទៃ