មកស្គាល់មហាសេដ្ឋីរកស៊ីក្នុងវិស័យអចលនទ្រព្យមានបំផុតក្នុងពិភពលោក

មកស្គាល់មហាសេដ្ឋីរកស៊ីក្នុងវិស័យអចលនទ្រព្យមានបំផុតក្នុងពិភពលោក

គេហទំព័រ Million Times សប្តាហ៍នេះសូមនាំប្រិយមិត្តមកស្គាល់មហាសេដ្ឋីរកស៊ីក្នុងវិស័យអចលនទ្រព្យមានបំផុតក្នុងពិភពលោក ដែលមានឈាមជ័រនៅអាស៊ី គឺម្ចាស់ក្រុមហ៊ុន Henderson Land Development ។

លោក Lee Shau Kee បានបង្កើតក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sun Hung Kai ជាមួយ Kwok Tak-Seng ដែលជាឪពុកចុងរបស់បងប្អូនមហាសេដ្ឋីហុងកុង Kwok ។

តាមដានជាមួយយើង៖ Million Times

លោក Lee Shau Kee មានទ្រព្យសម្បត្តិសរុបសុទ្ធចំនួន ២៧.7ពាន់លានដុល្លារ ($27.7B) គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ យោងតាមទស្សនាវដ្តី Forbes ។ លោកស្ថិតក្នុងលេខរៀងទី៦៦ នៃបញ្ជីមហាសេដ្ឋីលើពិភពលោក។ បើនិយាយពីអ្នកវិនិយោគអចលនទ្រព្យ លោកជាប់ឈ្មោះជាមហាសេដ្ឋីអចលនទ្រព្យឈរលេខរៀងទី១ លំដាប់ពិភពលោក។

ទស្សនាវដ្តី Forbes និយាយថា លោក Lee បានចាប់ផ្តើមក្រុមហ៊ុន Henderson Land Development នៅក្នុងឆ្នាំ១៩៧៦ ហើយបច្ចុប្បន្នលោកក្លាយជាមហាសេដ្ឋីអចលនទ្រព្យបង្កើតនូវទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់។ នៅឆ្នាំ២០១៩ លោកបានលាលែងពីតំណែងជាប្រធានក្រុមហ៊ុន Henderson Land ហើយបានតែងតាំងកូនប្រុសរបស់លោក គឺលោក Martin និង Peter ជាសហប្រធាន។

បើតាមប្រភពទស្សនាវដ្តីនិយាយពីអ្នកមានដដែលនេះ មានវ័យ ៩៦ឆ្នាំលោក Lee គឺជាសប្បុរសជន​ដែល​តែងតែឧស្សាហ៍​ព្យាយាមបរិច្ចាគសម្រាប់ការអប់រំជាមួយទឹកប្រាក់​ជាង ៤០០លាន​ដុល្លារ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះនៅហុងកុង។ លោក Lee ធំឡើងក្នុងគ្រួសារក្រីក្រមួយដែលអាចមានលទ្ធភាពបរិភោគត្រី ឬសាច់បានតែពីរដងក្នុងមួយខែប៉ុណ្ណោះ។

គិតត្រឹមឆ្នាំ២០២៤នេះ លោក Lee គឺជាមហាសេដ្ឋីមានទ្រព្យច្រើនបំផុតទី២នៅទីក្រុងហុងកុង ក្នុងចំណោមមហាសេដ្ឋីទាំង ៥០រូប ខណៈអ្នកមានបំផុតបានទៅលោក Li Ka-shing មានវ័យ៩៦ឆ្នាំ ជាមួយទ្រព្យសម្បត្តិសុទ្ធសរុបចំនួន ៣៦.១ពាន់លានដុល្លារ ($36.1B)។ មានរហស្សនាមថា Superman Li Ka-shing ត្រូវបានគេស្គាល់គ្រប់គ្នាថាជាអ្នកជំនួញដ៏មានឥទ្ធិពលបំផុតម្នាក់នៅអាស៊ី។

លោក Li បានចូលនិវត្តន៍ក្នុងនាមជាប្រធានក្រុមហ៊ុន CK Hutchison Holdings និង CK Asset Holdings ក្នុងខែឧសភា ឆ្នាំ២០១៨ ប៉ុន្តែនៅតែជាទីប្រឹក្សាជាន់ខ្ពស់ដដែល។

កូនប្រុសរបស់លោកគឺលោក Victor ឥឡូវនេះជាប្រធានក្រុមហ៊ុនដែលមានបុគ្គលិកជាង ៣០០.០០០ នាក់ និងប្រតិបត្តិការនៅក្នុងប្រទេសជាង៥០។

លោក Li បានចាប់ផ្តើមផលិតផ្លាស្ទិក Cheung Kong ដែលដាក់ឈ្មោះតាមទន្លេ Yangtze ក្នុងឆ្នាំ១៩៥០ នៅពេលលោកមានអាយុ ២១ ឆ្នាំជាមួយនឹងប្រាក់សន្សំ និងប្រាក់កម្ចីចំនួន ៦.៥០០ដុល្លារពីសាច់ញាតិ។ គិតត្រឹមឆ្នាំ២០២៤នេះមូលនិធិ Li Ka Shing របស់លោកបានបរិច្ចាគជាង ៣.៨ពាន់លានដុល្លារ ដែលក្នុងជាង ៨០% បានទៅប្រទេសចិន៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Forbes