ថ្លែងក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសនៃសមាជិកប្រជាជាតិអាស៊ាន លោករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានជំរុញឱ្យអាស៊ានបន្តឹងដៃពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចកាន់តែខ្លាំងក្លាជាមួយប្រទេសចិន ។
នៅដើមដំបូងនៃកិច្ចប្រជុំក្នុងទីក្រុងវៀងចន្ទន៍ប្រទេសឡាវ លោក វ៉ាង យី បានសង្កត់ធ្ងន់ថា ជាយូរយារមកហើយទំនាក់ទំនងពាណិជ្ជកម្ម និងទំនាក់ទំនងសេដ្ឋកិច្ចផ្សេងទៀតរវាងចិន និងប្លុកអាស៊ានគ្មានភាពរដាក់រដុបនោះទេ ។
លោករដ្ឋមន្ត្រីបញ្ជាក់បន្ថែមទៀតថា ប្រទេសចិននឹងបន្តធ្វើជាមហាអំណាចរឹងមាំសម្រាប់សេដ្ឋកិច្ចពិភពលោក ហើយលោកសង្ឃឹមថា អាស៊ានក៏នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនគ្មានថ្ងៃងាករេផងដែរ ។
សូមជម្រាបជូនថា ទំហំពាណិជ្ជកម្មរបស់អាស៊ានជាមួយនឹងប្រទេសចិនបានកើនឡើងជាងទ្វេដង ដល់ ៧២២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដែលស្មើនឹងជិត ១ ភាគ ៥ នៃទំហំពាណិជ្ជកម្មសកលរបស់អាស៊ាន ។
ទន្ទឹមនោះ លំហូរនៃការវិនិយោគរបស់ចិនចូលមកក្នុងអាស៊ានក្នុងឆ្នាំ ២០២២ ក៏មានការកើនឡើងយ៉ាងគំហុកផងដែរ ដោយឈានដល់ ១៥.៤ ពាន់លានដុល្លារ ។ កំណើននេះបានគូសបញ្ជាក់ពីឥទ្ធិពលដ៏មហិមារបស់ចិនក្នុងតំបន់អាស៊ាន ៕
បកប្រែ ៖ ទីន