ទីផ្សារផលិត និងលក់រថយន្តនៅថៃធ្លាក់ចុះយ៉ាងគំហុក ដោយសារប្រជាជនជាប់បំណុលច្រើន

សហព័ន្ធឧស្សាហកម្មថៃ (FTI) បាននិយាយថា ទីផ្សារផលិត និងលក់រថយន្តនៅថៃក្នុងខែមិថុនាបានធ្លាក់ចុះ ២០.១១ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ដោយសារតែច្បាប់ហិរញ្ញវត្ថុដ៏តឹងរ៉ឹង និងបំណុលអ្នកប្រើប្រាស់កើនឡើងខ្ពស់ ។

ចំណែកបើប្រៀបធៀបជាមួយនឹងខែឧសភាវិញ ការផលិតរថយន្តនៅក្នុងប្រទេសថៃធ្លាក់ចុះដល់ទៅ ១៦.១៩ ភាគរយ ខណៈក្ដីរំពឹងចំពោះការផលិតពេញមួយឆ្នាំ ២០២៤ នេះនឹងទាបជាងក្នុងឆ្នាំ ២០២៣ ទៅទៀត ។

សម្រាប់ក្នុងមួយឆមាសវិញ ពោលអំឡុងខែមករាដល់ខែមិថុនា ការផលិតរថយន្តបានធ្លាក់ចុះប្រមាណ ១៧.៣៩ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានត្រឹម ៧៦១,២៤០ គ្រឿងប៉ុណ្ណោះ ។

តាមដានជាមួយយើង៖ Million Times

ដោយសារតែបញ្ហានេះ សហព័ន្ធឧស្សាហកម្មផលិតរថយន្តថៃបានកាត់បន្ថយគោលដៅផលិតកម្មរបស់ខ្លួនមកត្រឹម ១.៧ លានគ្រឿងសម្រាប់ឆ្នាំនេះ ខណៈកាលពីឆ្នាំមុនថៃបានផលិតរថយន្តចំនួន ១.៨៤ លានគ្រឿង ។ ទោះយ៉ាងណា ការនាំចេញរថយន្តនៅតែត្រូវបានគេមើលឃើញថាមានចំនួន ១.១៥ លានគ្រឿងនៅឆ្នាំនេះ ។

សូមជម្រាបថា ប្រទេសថៃគឺជាមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុតរបស់អាស៊ាន និងជាប្រទេសបណ្ដុំទៅដោយរោងចក្រនាំចេញរបស់ក្រុមហ៊ុនផលិតរថយន្តកំពូលៗមួយចំនួនរបស់ពិភពលោក រួមទាំង Toyota និង Honda ផងដែរ ៕

បកប្រែ ៖ ទីន