សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ធ្វើឲ្យខេត្តភាគឦសានរបស់កម្ពុជា ត្រូវបានតភ្ជាប់ផ្នែកសេដ្ឋកិច្ច និងក៏បានជួយដល់កិច្ចសន្តិសុខជាតិ ផងដែរ។
ការបញ្ជាក់នេះ គឺតាមរយៈការថ្លែងសារពិសេសផ្ញើជូនជនរួមជាតិ នៅរសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤នេះ ពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV។ ការចេញថ្លែងសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្រោយមានការជជែកគ្នាច្រើនលើបញ្ហានេះ ហើយមានបុគ្គលមួយចំនួនយល់ខុសពីការពិត។
នៅក្នុងសារនេះសម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា មូលហេតុដែលសម្តេចចេញមុខបកស្រាយ លើរឿងតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ព្រោះសម្តេចជ្រួតជ្រាបរឿងនេះច្បាស់ ហើយសម្តេចផ្ទាល់ជាអ្នកផ្តួចផ្តើមបង្កើតនូវកិច្ចសហប្រតិបត្តិការនេះតាំងពីឆ្នាំ ១៩៩៩។ ចំពោះអ្នកដែលនិយាយថា គំនិតបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ផ្តើមដោយវៀតណាមតាំងពីឆ្នាំ ១៩៩៥ ជាការលើកឡើងដោយគ្មានភស្តុតាង និងគ្មានការអៀនខ្មាស់។
ក្នុងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានបបួលលោក ជេម សុខ ស្បថចំពោះសម្តីដែលបុគ្គលរូបនេះ បានលើកឡើងថា តំបន់អភិវឌ្ឍន៍ត្រីកោណនេះ ផ្តួចផ្តើមគំនិតដោយវៀតណាម ហើយចំពោះជនមួលបង្កាច់រឿងពិត នៃកិច្ចសហប្រតិបត្តិការនេះ នឹងត្រូវប្រឈមមុខចំពោះមុខច្បាប់ ប្រសិនបើពួកគេនៅក្នុងប្រទេស។
សម្ដេចប្រធានព្រឹទ្ធសភា បានឲ្យដឹងទៀតថា ចំពោះគំនិតបង្កើតកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ដោយសារតែតំបន់នេះ ទាំងកម្ពុជា ឡាវ និងវៀតណាម ជាតំបន់មានស្ថានភាពក្រីក្រជាងគេ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ធ្វើឲ្យខេត្តភាគឦសានរបស់កម្ពុជា ត្រូវបានតភ្ជាប់ផ្នែកសេដ្ឋកិច្ច ដែលត្រូវការសំខាន់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ផ្លូវ អគ្គិសនី ទេសចរណ៍ និងការធ្វើពាណិជ្ជកម្ម។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះដែរ ក៏បានជួយដល់កិច្ចសន្តិសុខជាតិ រួមមាន៖ ទប់ស្កាត់ការជួញដូរមនុស្ស ការរត់ពន្ធឈើ និងទប់ស្កាត់ចលនាប្រដាប់អាវុធផងដែរ ពោល គឺទប់ស្កាត់ជម្រករបស់ក្រុមជនខិលខូច។
លើសពីនេះទៀត កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ បានផ្តល់កិច្ចសហការផ្នែកអប់រំ បណ្តុះបណ្តាលធនធានមនុស្ស និងផ្នែកសុខាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា កិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ត្រីកោណនេះ មិនមានកិច្ចព្រមព្រៀងណាមួយ នាំឲ្យបាត់បង់អធិបតេយ្យភាពជាតិ នោះឡើយ៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមព័ត៌មានសម្ដេចតេជោ