ចិនប្ដេជ្ញាលុបបំបាត់បំណុលសាធារណៈទាំងអស់ដើម្បីជ្រោងសេដ្ឋកិច្ចឡើងវិញ

នៅចំពោះមុខប្រធានាធិបតីចិន មន្ត្រីអ្នកមុខអ្នកការគ្រប់ជាន់ថ្នាក់ទាំងអស់ដែលស្ថិតក្រោមឱវាទ បានសន្យានឹងលុបបំបាត់បំណុលសាធារណៈទាំងអស់តាមរយៈការធ្វើកំណែទម្រង់ប្រព័ន្ធពន្ធ ។

ការប្ដេជ្ញាចិត្តនៅចំពោះមុខលោក ស៊ី ជីនពីង កើតមានឡើង បន្ទាប់ពីអាជ្ញាធរ​ ស្ថាប័ន​​ថ្នាក់​ខេត្ត​ និងថ្នាក់​តំបន់របស់ចិនបាន​ជំពាក់​បំណុល​​ប្រមាណ ៥.៦ ពាន់ពាន់លានដុល្លារ ដោយសារតែ​ខ្ចីលុយយកទៅសាងសង់​​ហេដ្ឋារចនា​សម្ព័ន្ធ ។

ក្រៅពីជួបរឿងក្រពុលមុខពាក់ព័ន្ធនឹងវិបត្តិបំណុលអចលនទ្រព្យនេះហើយ រដ្ឋាភិបាលទីក្រុងប៉េកាំងក៏កំពុងដោះស្រាយហានិភ័យសេដ្ឋកិច្ចពាក់ព័ន្ធនឹងការថយចុះនៃការប្រើប្រាស់ បូករួមនឹងការកើនឡើងចំនួនប្រជាជនវ័យចំណាស់ផងដែរ ។

តាមដានជាមួយយើង៖ Million Times

កាលពីដើមសប្តាហ៍នេះ ប្រទេសចិនបានបង្ហោះស្ថិតិផ្លូវការមួយដែលបង្ហាញថា សេដ្ឋកិច្ចចិនមានកំណើនត្រឹមតែ ៤.៧ ភាគរយប៉ុណ្ណោះនៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ ។ នេះជាអត្រាកំណើនយឺតបំផុត ចាប់តាំងពីដើមឆ្នាំ ២០២៣ ជាពេលដែលចិនកំពុងងើបចេញពីគោលនយោបាយសូន្យកូវីដ ។

សូមជម្រាបថា ចិនបានដាក់គោលដៅជ្រោងកំណើនសេដ្ឋកិច្ចឱ្យបានដល់ ៥ ភាគរយនៅឆ្នាំ ២០២៤ នេះ ប៉ុន្តែក្ដីរំពឹងទាំងប៉ុន្មានហាក់នៅឆ្ងាយពីដៃបន្តិច ដោយសារតែប៉ះរលាកលើវិបត្តិអចលនទ្រព្យនៅក្នុងប្រទេស ៕

បកប្រែ ៖ ទីន