វិនិយោគិនចិនប្រមាណ ៥០នាក់ ដែលមកពីខេត្តជឺជាង បានស្នើឲ្យរដ្ឋាភិបាល ពិសេសរដ្ឋបាលខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងពលកម្ម និងធនធានមនុស្សឲ្យគ្រប់គ្រាន់ ខណៈក្រុមហ៊ុនរបស់ខ្លួនចាប់អារម្មណ៍វិនិយោគនៅកម្ពុជា ពិសេសនៅក្នុងខេត្តកំពង់ស្ពឺតែម្ដង។
ការស្នើនេះ គឺបន្ទាប់ពីក្រុមវិនិយោគិនចិនទាំងនោះ បានជួបជាមួយលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១៦ ខែកក្កដាកន្លងទៅនេះ។ ក្នុងជំនួបនេះឧកញ៉ាជឹម ឃាង ដែលដឹកនាំវិនិយោគិនចិនទាំង ៥០នាក់នោះ បានឲ្យដឹងថា ដោយមើលឃើញពីកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ពិសេសក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, អ្នកវិនិយោគទាំងអស់ ដែលមកពីបណ្តាក្រុមហ៊ុននៃខេត្តជឺជាង បានផ្តោតការចាប់អារម្មណ៍ខ្លាំងលើប្រទេសកម្ពុជា។ ក្នុងនោះ បានយកខេត្តកំពង់ស្ពឺជាខេត្តគោលដៅ។
ឧកញ៉ារូបនេះ បានបញ្ជាក់ថា ការដាក់គោលដៅរបស់ក្រុមអ្នកវិនិយោគនេះ គឺដោយមើលឃើញពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ និងភាពអំណោយផលនៃភូមិសាស្ត្រ ពិសេសកម្ពុជាមានវិស័យគមនាគមន៍ដ៏ល្អ ដែលបានផ្តល់ភាពងាយស្រួល ដល់ការដឹកនាំកសិផល ផលិតផលទៅកាន់កំពង់ផែ ទើបអ្នកវិនិយោគរបស់ចិនចុះមកសិក្សា ស្វែងយល់ពីវិស័យអាទិភាពទាំងអស់ខាងលើ។
បន្ថែមលើនេះ អ្នកវិនិយោគទាំងនោះ បានស្នើឲ្យរាជរដ្ឋាភិបាល ពិសេសរដ្ឋបាលខេត្តកំពង់ស្ពឺ ត្រៀមនូវកម្លាំងពលកម្ម និងធនធានមនុស្សគ្រប់គ្រាន់ សម្រាប់បម្រើដល់ដំណើរការវិនិយោគរបស់ខ្លួន នាពេលខាងមុខផងដែរ។
ក្នុងជំនួបដដែលនេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ដែលទើបចូលកាន់តំណែងថ្មីៗនេះ បានបង្ហាញពីវិស័យសក្ដនានុពលចំនួន ៥ដល់វិនិយោគិន រួមមាន៖ វិស័យកសិកម្ម កសិឧស្សាហកម្ម វិស័យរ៉ែនិងថាម និងវិស័យឧស្សាហកម្ម។
លោកបន្ថែមថា សម្រាប់ខេត្តកំពង់ស្ពឺ បច្ចុប្បន្នមានរោងចក្រសហគ្រាសប្រមាណជាង ៤០០កន្លែង និងមានកម្មករ និយោជិតជាង ១៦ម៉ឺននាក់ធ្វើការ។ នៅក្នុងរង្វង់រោងចក្រ សហគ្រាសកាត់ដេរសម្លៀកបំពាក់ ស្បែកជើង របស់របរប្រើប្រាស់ និងរបស់ធ្វើដំណើរ សព្វថ្ងៃទាំងជាង ៤០០កន្លែងនេះ គឺអ្នកវិនិយោគចិនស្រូបទាញជាងដល់ទៅ ៩០ភាគរយទៅហើយ។
លោកអភិបាលខេត្តកំពង់ស្ពឺ រំពឹងថា នៅឆ្នាំ ២០២៤ អ្នកវិនិយោគចិននៅតែខ្លាំង ជាងបណ្តាអ្នកវិនិយោគនៃប្រទេសផ្សេងៗ ជុំវិញពិភពលោកសម្រាប់មកដាក់វិនិយោគទុននៅកម្ពុជា ពិសេសខេត្តកំពង់ស្ពឺ៕
អត្ថបទ៖ វីរៈ រូបភាព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ