លោក Wang Wenbin ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងយោធា ក្នុងអាណត្តិការទូតនៅកម្ពុជា

ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, លោក Wang Wenbin ឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា បានប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច-សង្គម, សន្តិសុខ-យោធារវាងប្រទេសទាំងពីរ កម្ពុជា-ចិន។

ជំនួបដែលធ្វើឡើងនៅថ្ងៃទី ១៨ ខែកក្កដានេះ លោក Wang Wenbin បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ជាមិត្តចាស់ដ៏ពិតប្រាកដរបស់ចិន ដែលបានគាំទ្រគ្នាទៅវិញទៅមក។ សម្តេចតេជោ ហ៊ុន សែន គឺជាអ្នកនយោបាយ ជាមេដឹកនាំកំពូល និងជាអ្នកយុទ្ធសាស្ត្រដ៏ឆ្នើមក្នុងការដឹកនាំមាគ៌ាកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍជឿនលឿនដូចសព្វថ្ងៃ។

តាមដានជាមួយយើង៖ Million Times

លោកទូតចិនរូបនេះ បានកោតសរសើរសម្ដេចតេជោ ដែលបានចូលរួមដោយផ្ទាល់ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ក្នុងការពូនជ្រំទំនាក់ទំនងមិត្តភាពយូរអង្វែងកម្ពុជា-ចិន។ ជាមួយគ្នានេះ លោក Wang Wenbin បាន បេ្តជ្ញាថា លោក នឹងពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច-សង្គម, សន្តិសុខ-យោធា,​ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។

ជាកិច្ចឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីសារៈសំខាន់ មិនអាចខ្វះបាននៃទំនុកចិត្ត និងការគោរពឲ្យតម្លៃគ្នាទៅវិញទៅមក ក្នុងការវិវត្តនៃទំនាក់ទំនងរវាងកម្ពុជា-ចិន ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួម។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើទោះបីជាមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីក៏ដោយ ក៏ជំហររបស់កម្ពុជាជាមួយមិត្តចិន ពុំមានការផ្លាស់ប្ដូរនោះទេ។ សម្តេចប្រធានព្រឹទ្ធសភា បានស្នើឲ្យមិត្តចិនបន្តការគាំទ្រកម្ពុជាជាបន្តទៀត លើការអភិវឌ្ឍគ្រប់វិស័យ​។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីជំហររបស់កម្ពុជាក្នុងការប្រកាន់ខ្ជាប់នូវ “នយោបាយចិនតែមួយ” ហើយចាត់ទុកបញ្ហាហុងកុង ចិនតៃវ៉ាន់ ទីបេ និងស៊ីនជាំងជាបញ្ហាផ្ទៃក្នុងរបស់ចិន៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមព័ត៌មានសម្ដេចតេជោ