នាយកប្រតិបត្តិហុងកុងនឹងធ្វើទស្សនកិច្ចមកកម្ពុជាដើម្បីស្វែងរកឱកាសធ្វើពាណិជ្ជកម្ម

នាយកប្រតិបត្តិហុងកុងលោក John Lee Ka-chiu នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងប្រទេសអាស៊ានចំនួន ២ ផ្សេងទៀតដូចជា ឡាវ និងវៀតណាមនៅចុងខែកក្កដានេះ ក្នុងគោលបំណងបង្កើតបណ្ដាញទំនាក់ទំនង និងស្វែងរកឱកាសធ្វើពាណិជ្ជកម្ម ។

លោក Lee បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា ក្នុងអំឡុងពេលនៃដំណើរនេះ អ្នកតំណាងធុរកិច្ចជាន់ខ្ពស់មកពីផ្នែកពាណិជ្ជកម្ម ហិរញ្ញវត្ថុ ការដឹកជញ្ជូន ឡូជីស្ទិក និងឧស្សាហកម្មច្នៃប្រឌិត នឹងអមដំណើរលោកដើម្បីបង្ហាញពីភាពខ្លាំង និងឱកាសអាជីវកម្មផ្សេងៗរបស់ហុងកុង ។

នាយកប្រតិបត្តិហុងកុងវ័យ ៦៧ ឆ្នាំរូបនេះបញ្ជាក់ទៀតថា ក្នុងដំណើរនាពេលខាងមុខនេះ គណៈប្រតិភូនឹងស្នើសុំប្រទេសទាំងបីសម្រាប់ការគាំទ្រដល់ហុងកុងក្នុងការចូលជាសមាជិកក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងចំណោមប្រជាជាតិអាស៊ីប៉ាស៊ីហ្វិក ។

តាមដានជាមួយយើង៖ Million Times

ដំណើរទស្សនកិច្ចរបស់លោក Lee នាចុងខែកក្កដានេះ នឹងក្លាយជាការហោះហើរលើកទី ៣ មកកាន់ប្រទេសអាស៊ាន ក្នុងអាណត្តិរបស់លោក ខណៈដំណើរមុនៗរបស់នាយកប្រតិបត្តិហុងកុងរូបនេះគឺបានមកដល់ប្រទេសអាស៊ានចំនួន ៧ ឯណោះ ។

សូមជម្រាបថា អាស៊ាន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី ២ ​របស់​ទីក្រុង​ហុងកុង និង​ជា​តំបន់មានសេដ្ឋកិច្ច​ធំ​ទី ៥ របស់​ពិភពលោក ខណៈកាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មទ្វេភាគីរវាងហុងកុង និងអាស៊ានមានចំនួន ១៤៤.៦ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងជិត ១៣ ភាគរយនៃពាណិជ្ជកម្មក្រៅប្រទេសសរុបរបស់ហុងកុង ៕

បកប្រែ ៖ ទីន