ដាំកូនឈើព្រៃលិចទឹកជាង៣ពាន់ដើមនៅខាងជើងបឹងទន្លេសាប ដើម្បីកំណើនវិស័យជលផល

ដាំកូនឈើព្រៃលិចទឹកជាង៣ពាន់ដើមនៅខាងជើងបឹងទន្លេសាប ដើម្បីកំណើនវិស័យជលផល

កូនឈើព្រៃលិចទឹកចម្រុះប្រមាណ ៣០០០ដើម ត្រូវបានអាជ្ញាធរខេត្តសៀមរាប ដាំលើផ្ទៃដីព្រៃលិចទឹករីករឹលចំនួន ២ហិកតា នៅចំណុចស្រែខ្យង ខាងជើងបឹងទន្លេសាប ក្នុងឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ដើម្បីជំរុញកំណើនវិស័យជលផល ។

តាមដានជាមួយយើង៖ Million Times

លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក ឲ្យដឹងថា ការដាំដើមឈើមានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋឲ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមការដាំដុះ ការពារព្រៃឈើ និងជួយផ្ដល់ផលប្រយោជន៍ឲ្យប្រជាពលរដ្ឋក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីបង្កបង្កើនផលកសិកម្ម បង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គម និងមូលដ្ឋានរបស់ខ្លួនផងដែរ។


សម្រាប់ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ដសៀមរាប និយាយថា ព្រៃឈើ គឺជាសរសៃឈាមក្នុងវិស័យកសិកម្ម ដែលជាអាយុជីវិតរបស់ប្រជាកសិករ និងជាប្រភពនៃកំណើននៃសេដ្ឋកិច្ចជាតិ។ ព្រឹត្តិការណ៍ដាំកូនឈើព្រៃលិចទឹកនេះ គឺជាការស្តារឡើងវិញនូវតំបន់ព្រៃរីករឹល ដើមី្បបង្កើននូវធនធានធម្មជាតិ និងជាទីកន្លែងជម្រងពូជមច្ឆាជាតិពងកូននៅក្នុងរដូវវស្សា និងជាទីជម្រកស្នាក់នៅរបស់សត្វស្លាបគ្រប់ប្រភេទទៀតផង។

លោកបន្តថា គោលដៅរបស់រដ្ឋបាលខេត្តសៀមរាប គឺស្តារឡើងវិញនូវព្រៃលិចទឹកតាមតំបន់ព្រៃរីករឹលក្នុងមួយឆ្នាំឲ្យបាន ២ម៉ឺនដើម។ បច្ចុប្បន្ន រដ្ឋបាលខេត្តសហការជាមួយអង្គការដៃគូរ ធ្វើការដាំដុះកូនឈើព្រៃលិចទឹកបានចំនួន ៣គោលដៅ ស្មើ ១ម៉ឺន ៣ពាន់ដើម ព្រមទាំងបន្តដាំដុះនៅកន្លែងផ្សេងៗទៀតក្នុងតំបន់ព្រៃលិចទឹកមាត់បឹងទន្លេសាបនេះ។ លោកថា ព្រៃឈើលិចទឹកបានរួមចំណែកយ៉ាងសំខាន់ដល់អេកូទេសចរណ៍ និងបង្កើតការងារដល់ប្រជាពលរដ្ឋ និងជាប្រភពចំណូលដ៏សំខាន់សម្រាប់សហគមន៍មូលដ្ឋាន តាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកទស្សនាកំសាន្តជាដើម។

ជាមួយគ្នានោះ លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងព្រះសង្ឈ ត្រូវយកចិត្តទុកដាក់ដាំដើមឈើគ្រប់ប្រភេទឲ្យបានច្រើនជាអតិបរិមា នៅតាមវត្តអារាម ភូមិដ្ឋាន ទីសាធារណៈ តាមប្រព័ន្ធទំនប់ប្រឡាយ តាមដងផ្លូវនានា ។

តំណាងអង្គការកម្ពុជាអភិវឌ្ឍន៍សហគមន៍និងបរិស្ថាន បានបញ្ជាក់ថា ក្រោមជំនួយប្រទេសអៀរឡង់ តាមរយៈអង្គការអ៊ុកស្វាមប្រទេសកម្ពុជា បានផ្តល់ជំនួយកូនឈើប្រមាណ ១៩៥៦០ដើម ដើម្បីដាំក្នុងតំបន់ព្រៃលិចទឹកក្នុងឃុំដូចជា ឃុំសសរស្តម្ភស្រុកពួក ឃុំសំបួរស្រុកក្រឡាញ់ ឃុំកំពង់ភ្លុកស្រុកប្រាសាទបាគង និងឃុំកំពង់ឃ្លាំងស្រុកសូទ្រនិគម ដែលបានដាំលើផ្ទៃដីសរុប ១២ហិចតា។

គួរបញ្ជាក់ថា កូនឈើព្រៃលិចទឹកទាំងនោះ រួមមានកូនឈើរាំង តាអួរ ផ្ទោល កន្សែង ម្តេញ និងសណ្តាន់ រួមនិងកូនឈើប្រភេទព្រៃលិចទឹកជាច្រើនទៀត៕



អត្ថបទ៖ នារតី