ប្រធានរដ្ឋ​វៀតណាម​៖ វៀតណាម-កម្ពុជា ជាប្រទេសជិតខាងល្អ និងមានទំនាក់ទងជាប្រវត្តិសាស្ត

លោក តូ ឡឹម ប្រធានរដ្ឋ​វៀតណាម​ បានបញ្ជាក់ថា វៀតណាម និងកម្ពុជា ជាប្រទេសជិតខាងល្អ និងមានទំនាក់ទងជាប្រវត្តិសាស្ត។ ការបញ្ជាក់នេះ ស្របពេលដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទទួលជួបសវនាការជាមួយលោក តូ ឡឹម ប្រធានរដ្ឋវៀតណាម នាថ្ងៃទី ១២ ខែកក្កដានេះ។

ក្នុងជំនួបនេះប្រធានរដ្ឋ​វៀតណាម​ បានកោតសរសើរចំពោះការអភិវឌ្ឍដ៏ជឿនលឿន និងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ លោក​មានជំនឿថា កម្ពុជានឹងអាចសម្រេចបានគោលដៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

តាមដានជាមួយយើង៖ Million Times

លោក តូ ឡឹម បានបន្ថែមថា វៀតណាម និងកម្ពុជា ជាប្រទេសជិតខាងល្អ និងមានទំនាក់ទងជាប្រវត្តិសាស្តដែលបានប្រឆាំងនឹងសត្រូវរួមគ្នា​ ហើយប្រទេសវៀតណាមប្រកាន់គោលនយោបាយមិនងាករេ ចំពោះចំណងមិត្តភាព ទំនាក់ទំនងទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ។

លោកប្រធានរដ្ឋវៀតណាម ក៏បានលើកឡើងពីសារៈសំខាន់នៃយន្តការទ្វេភាគី និងកិច្ចសហប្រតិបត្តិការនានា ដែលមានស្រាប់រវាងប្រទេសទាំងពីរនៅគ្រប់កម្រិត ជាពិសេសការជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនបន្ថែមទៀត។

ជាកិច្ចឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការលើកឡើង របស់លោកប្រធានរដ្ឋវៀតណាម ស្តីពីទំនាក់ទងនៃប្រទេសទាំងពីរ និងបានលើកឡើងថា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​បក្ស​កុម្មុយនីស្តវៀតណាម ​ប្រទេសវៀតណាម​ នឹងសម្រេចគោលដៅ​ឧស្សាហូបនីយកម្ម និង​ទំនើប​​កម្មនៅឆ្នាំ ២០៣០ ដូចកម្ពុជាក្នុងការក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់។ 

ម្យ៉ាងទៀត វៀតណាម នឹងឈានដល់ក្រុមប្រទេស G20 ជាប្រទេសរីកចម្រើន និងអភិវឌ្ឍន៍ ដែលផ្តល់បច្ច័យល្អសម្រាប់ប្រទេសជិតខាងដូចកម្ពុជា និងឡាវជាដើម។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សភាពការណ៍ពិភពលោក មានការប្រែប្រួល និងវិវត្តន៍ទៅមុខពិបាកស្មាន ការធ្វើការរួមគ្នាជារឿងសំខាន់ ជាពិសេសការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំង ៣ពោលគឺ៖ កម្ពុជា ឡាវ និងវៀតណាម ដើម្បីជំរុញកិច្ចសហការជាអ្នកជិតខាងល្អបន្តទៀត៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមព័ត៌មានសម្ដេចតេជោ