មានគណនីហ្វេសប៊ុកចំនួន ៤ និងគម្រោង Condoមួយ បាននិងកំពុងធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណពីស្ថាប័នជំនាញឡើយ។
យោងតាមសេចក្ដីជូនដំណឹង ផ្សព្វផ្សាយនៅថ្ងៃសុក្រនេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) បានឲ្យដឹងថា មានម្ចាស់គណនីបណ្ដាញសង្គមហ្វេសប៊ុកចំនួន ៤ បាននិងកំពុងធ្វើអាជីវកម្មភ្នាក់ងារអចលនវត្ថុ ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប។
តាមសេចក្ដីជូនដំណឹង គណនីហ្វេសប៊ុកទាំង ៤នោះ រួមមាន៖ ធីអិលអ រៀលធី ឯ.ក, វិនិយោគដី, Elite Realty និង One Real Estate។ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ក៏បានប្រាប់ដល់សាធារណជនគួរបញ្ឈប់ការប្រើប្រាស់សេវាកម្ម ក្នុងការទិញ-លក់ ឬជួល និងចូលរួមអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងម្ចាស់គណនីហ្វេសប៊ុកទាំង ៤ខាងលើ ដើម្បីជៀសវាងការខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ។
នៅថ្ងៃទី ១២ ខែកក្កដានេះដែរ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ក៏បានជូនដំណឹងអំពីក្រុមហ៊ុនមួយ ដែលបានិងកំពុងធ្វើអាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប។ តាមសេចក្ដីជូនដំណឹង ក្រុមហ៊ុននោះ មានឈ្មោះថា សាំស៍ អាប់ អ៊ិនធើណេសិនណល ហើយគម្រោងមានឈ្មោះថា City Gem Condo។
គម្រោងនេះ មានទីតាំងស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ក៏បានប្រាប់ដល់សាធារណជនកុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនខាងលើ ដែលអាចធ្វើឲ្យប៉ះពាល់ ឬខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ៕
អត្ថបទ៖ វីរៈ រូបភាព៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ