មន្រ្តី៖ ការនាំចេញរបស់កម្ពុជានៅតែមានកំណើនល្អ

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម លើកឡើងថា ការនាំចេញរបស់កម្ពុជានៅតែមានកំណើនល្អ ហើយការបញ្ជាទិញនៅតែមាន ដោយក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤សម្រេចការនាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជាង ១២ពាន់លានដុល្លារ កើនឡើង១២.៦%។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឲ្យដឹងថា ការនាំចេញរបស់កម្ពុជា នៅតែមានកំណើនល្អ ហើយការបញ្ជាទិញនៅតែមាន បើទោះបីជាមានការកាត់បន្ថយតិចតួចដោយសារតែកម្ពុជាផលិតប្រភេទទំនិញចាំបាច់ ដូចជាសម្លៀកបំពាក់ ស្បែកជើង កង់ កសិផល អង្ករ ដែលធ្វើឲ្យប្រទេសនាំចូល នៅតែបន្តនាំចូល។

តាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ទំនិញកម្ពុជាបាននាំចេញទៅច្រើនជាងគេ គឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម សំខាន់ៗមួយចំនួនទៀត។

ដោយឡែកទំនិញសំខាន់ៗ ដែលកម្ពុជាបាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។

របាយការណ៍អគ្គនាយកដ្ឋានគយ ក៏បានឲ្យដឹងដែរថា កម្ពុជាទទួលបានការនាំចូលមានជាង ១៣ពាន់លានដុល្លារ កើនឡើង១២.៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ 

អត្ថបទ៖ សេដ្ឋានី រូបភាព៖ បណ្តាញសង្គម