តើប្រធានាធិបតីវៀតណាមដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាមានប្រវត្តិបែបណា?

​លោក To Lam ដែល​ទើបឡើង​កាន់​តំណែងជាប្រធានាធិបតី​វៀតណាមជិត ២ ខែមកនេះ​ នឹង​អញ្ជើញមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ ២ ​ថ្ងៃ​ ចាប់​ពីថ្ងៃទី​១២ ដល់ថ្ងៃទី១៣ ខែកក្កដា​ ឆ្នាំ ២០២៤​ ដើម្បីរឹតចំណងទ្វេភាគីបន្ថែមទៀត ។

លោក To Lam កើតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៥៧ នៅខេត្ត Hung Yen បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកនីតិសាស្ត្រ និងសញ្ញាបត្រកម្រិតខ្ពស់ផ្នែកទ្រឹស្តីនយោបាយនៅឆ្នាំ ១៩៨១ ។ ក្រោយមកលោកបានក្លាយជាសមាជិកបក្សកុម្មុយនិស្តវៀតណាមនៅខែសីហា ឆ្នាំដដែលនោះ ។

រហូតដល់ឆ្នាំ ២០១១ លោក To Lam បានក្លាយជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាសមាជិកការិយាល័យនយោបាយរបស់បក្ស ចាប់តាំងពីឆ្នាំ ២០១៦ មក ។

តាមដានជាមួយយើង៖ Million Times

ទន្ទឹមនោះ មុនពេលគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមបានសម្រេចជ្រើសរើសឲ្យឡើងកាន់តំណែងជាប្រធានាធិបតីជាផ្លូវការ, លោក To Lam ដែលមានវ័យ ៦៧ ឆ្នាំគឺជារដ្ឋមន្ត្រីសន្តិសុខសាធារណៈ ខណៈនៅឆ្នាំ ២០១៩ លោកត្រូវបានតែងតាំងជាប្រធាននាយករដ្ឋសន្តិសុខទី១ ដោយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ។

ក្រោយមកទៀត ពោលនៅខែសីហា ឆ្នាំ ២០១០ លោក To Lam បានក្លាយជាអនុរដ្ឋមន្ត្រីសន្តិសុខសាធារណៈ និងឡើងកាន់តំណែងជារដ្ឋមន្ត្រីសន្តិសុខសាធារណៈនៅខែមេសា ឆ្នាំ ២០១៦ ខណៈលោក​ក៏​ជា​អនុប្រធានគណៈកម្មាធិការមជ្ឈិមដឹកនាំ​លើ​ការ​ប្រឆាំង​អំពើ​ពុករលួយផងដែរ ។

សូមជម្រាបថា លោក To Lam គឺជាប្រធានាធិបតីទី ១៣ របស់វៀតណាម និងជាប្រធានាធិបតីទី ៣ ហើយដែលគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តជ្រើសរើសបានត្រឹមតែរយៈពេល ១ ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីការលាលែងរបស់លោក Vo Van Thuong កាលពីខែមីនា និងលោក Nguyen Xuan Phuc ដែលក៏បានលាលែងពីតំណែងដូចគ្នាកាលពីឆ្នាំមុន ដោយសារតែយុទ្ធនាការបង្ក្រាបអំពើពុករលួយ ៕

បកប្រែ ៖ ទីន