ប្រធានាធិបតី​វៀតណាម​ នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ពង្រីកផល​ប្រយោជន៍​នៃ​ប្រទេស​ជាតិ​ទាំង​ពីរ

ប្រធានាធិបតី​វៀតណាម​លោក តូ​ ឡឹម ដែល​ទើប​កាន់​តំណែង​ នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ ​ដើម្បី​រឹត​ចំណង​ទ្វេភាគី​បន្ថែម​ ចាប់​ពីថ្ងៃទី​ ១២ ដល់ទី ១៣ ខែកក្កដា​ ឆ្នាំ២០២៤​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការ​បរទេស​កម្ពុជា ​អំឡុងទស្សនកិច្ច​នៅ​កម្ពុជា​ លោក តូ ឡឹម នឹង​ចូលគាល់​ព្រះមហាក្សត្រ​ និង​មាន​ជំនួប​ជាមួយ​សម្តេច ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ សម្តេច ឃួន សុដារី ប្រធាន​រដ្ឋសភា​ និង​សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ក្រសួង​ការបរទេស​បញ្ជាក់​ថា​៖ «ជំនួប​ទាំង​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​គ្រប​ដណ្តប់​លើ​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​ទ្វេ​ភាគី និង​ពហុភាគី​ ដោយ​ផ្អែក​លើ​ស្មារតី​ភាព​ជា​អ្នក​ជិត​ខាង​ល្អ​ មិត្តភាព​ជា​ប្រពៃណី​ និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ ដើម្បី​ផល​ប្រយោជន៍​នៃ​ប្រទេស​ជាតិ​ទាំង​ពីរ»។

​វៀតណាម និង​កម្ពុជា​បាន​បង្កើត​ទំនាក់​ទំនង​ការទូត​នៅឆ្នាំ ១៩៦៧។ ពាណិជ្ជ​កម្មរវាង​កម្ពុជា​ និង​វៀត​ណាម​ មាន​ទំហំ​ប្រមាណ​ជា​ ៦.៥៨ ពាន់​លាន​ដុល្លា​អាមេរិក ​នៅឆ្នាំ​២០២៣​។ នេះបើយោងតា​ម​អគ្គ​នាយកដ្ឋាន​គយ​ និង​រដ្ឋាករកម្ពុជា​។

បើ​តាម​កាសែត VNEXPRESS បច្ចុប្បន្ន​វៀតណាម​មាន​គម្រោង​វិនិយោគ​ចំនួន​ ២០៥​នៅ​កម្ពុជា ដែល​មាន​ដើម​ទុន​ចុះ​បញ្ជី​សរុប​ចំនួន ២.៩៤ ពាន់​លាន​ដុល្លារ ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ ១ ក្នុងតំបន់​អាស៊ាន និង​ក្នុង​ក្រុម​ប្រទេស​ចំនួន ​៥ ដែល​មាន​ការ​វិនិយោគ​ផ្ទាល់​ច្រើន​ជាងគេ​នៅ​កម្ពុជា៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ VNEXPRESS