យានយន្តអគ្គិសនីជិត ៣ពាន់គ្រឿង បានចុះបញ្ជីប្រើប្រាស់នៅកម្ពុជា ខណៈ BYD ឈរនៅលំដាប់ថ្នាក់ទី ១  

យានយន្តអគ្គិសនីជិត ៣ពាន់គ្រឿង បានចុះបញ្ជីប្រើប្រាស់នៅកម្ពុជា ខណៈ BYD ឈរនៅលំដាប់ថ្នាក់ទី ១  

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការចុះបញ្ជីយានយន្តអគ្គិសនីនៅកម្ពុជា មានការកើតឡើងជារៀងរាល់ថ្ងៃ ខណៈមកដល់ពេលនេះ មានយានយន្តអគ្គិសនីបានចុះបញ្ជីប្រើប្រាស់ជិត ៣ពាន់គ្រឿង។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី ៩ ខែកក្កដានេះថា យានយន្តអគ្គិសនីបានចុះបញ្ជីផ្លូវការ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន មានចំនួនសរុប ២ ៩៦៨គ្រឿង។ ក្នុងនោះរួមមាន៖ ទោចក្រយានយន្តចំនួន ៩១៤គ្រឿង ត្រីចក្រយានយន្តចំនួន ៤៤០គ្រឿង និងរថយន្តចំនួន ១ ៦១៤​គ្រឿង។

តាមដានជាមួយយើង៖ Million Times

យោងតាមតួលេខ នៃការចុះបញ្ជីយានយន្តអគ្គិសនី ដែលផ្សព្វផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ ២០២៤ ចំនួនយានយន្តរបស់ក្រុមហ៊ុន BYD ឈរលើកំពូលតារាង ដែលមានចំនួន ៦៥៨គ្រឿង យានយន្តម៉ាក TOYOTA ចំនួន ២៦១គ្រឿង និងម៉ាក TESLA ចំនួន ១៨៦គ្រឿង ព្រមទាំងម៉ាកផ្សេងៗទៀត។

លោក ផន រឹម បន្ថែមថា ការចុះបញ្ជីយានយន្តអគ្គិសនី មានការកើតឡើងជារៀងរាល់ថ្ងៃ ដោយប្រជាពលរដ្ឋមានសុទិដ្ឋនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ដែលជានិន្នាការថ្មី បើប្រៀបធៀបជាមួយការប្រើប្រាស់យានយន្ត ប្រើប្រាស់ប្រេងឥន្ធនៈចំហេះក្នុងដែលជានិន្នាការចាស់។

អ្នកនាំពាក្យដដែល បានបន្ថែមថា រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធនានា បានប្រឹងប្រែងធ្វើឲ្យប្រសើរឡើង ចំនួនស្ថានីយសាកអាគុយកាន់តែច្រើន និងលក្ខខណ្ឌអំណោយ ផលផ្សេងៗទៀត កាន់តែប្រសើរ។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ការប្រើប្រាស់យានយន្តអគ្គិសនី ត្រូវបានគេមើលឃើញថា ចំណាយប្រចាំថ្ងៃតិច មានផាសុកភាព កម្រិតបំពុលក្នុងបរិយាកាសទាប។ លើសពីនេះ ក្រុមហ៊ុនយានយន្តខ្លះ បានអះអាង ពីកម្រិត នៃការបំភាយឧស្ម័នពុលកម្រិតសូន្យថែមទៀត។

កាលពីថ្ងៃទី ២៧ ខែមិថុនាកន្លងទៅ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំមួយរបស់ចិន គឺក្រុមហ៊ុន BYD គ្រោងនឹងមកបោះទុន បើកក្រុមហ៊ុនផលិតរថយន្តនៅកម្ពុជា ។ សម្ដេច បានលើកឡើងថា ការបោះទុនវិនិយោគនេះ គឺជាជោគជ័យមួយទៀតរបស់រាជរដ្ឋាភិបាល ដែលខិតខំដើរទាក់ម៉ូយ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន