អូស្រ្តាលី ចាប់អារម្មណ៍ខ្លាំងបង្កេីតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា

អូស្រ្តាលី ចាប់អារម្មណ៍ខ្លាំងបង្កេីតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា

គណៈប្រតិភូធុរកិច្ចអូស្រ្តាលី និងណូវែលហ្សេឡង់ មកសិក្សានិងស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា ក្នុងនោះក្រុមវិនិយោគិបានចាប់អារម្មណ៍ខ្លាំងលើវិស័យថាមពលបៃតង ទេសចរណ៍ កសិចំណីអាហារ និងការបង្កេីតតំបន់សេដ្ឋកិច្ចពិសេស។

ក្នុងពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា គណៈប្រតិភូវិនិយោគិនអូស្រ្តាលី និងណូវែលហ្សេឡង់ បានជួបគណៈកម្មាធិការវិនិយោគកម្ពុជា ដេីម្បីបានឃេីញដោយផ្ទាល់អំពីសក្ដានុពល និងកាលានុវត្តភាពថ្មីៗរបស់កម្ពុជា។ អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជា លោក នុត អ៊ុនវ័ណរ៉ា បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា វិនិយោគិនអូស្រ្តាលី នឹងមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា កាន់តែច្រេីនបន្ថែមទៀតនាពេលខាងមុខ។ 

តាមដានជាមួយយើង៖ Million Times

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC គណៈប្រតិភូធុរកិច្ចអូស្រ្តាលី បានបង្ហាញអំពីចំណាប់អារម្មណ៍យ៉ាងខ្លាំងលេីសក្ដានុពលរបស់កម្ពុជាក្នុងវិស័យថាមពលបៃតង ទេសចរណ៍ កសិចំណីអាហារ និងការបង្កេីតតំបន់សេដ្ឋកិច្ចពិសេស។

CDC បញ្ជាក់ថា គណៈប្រតិភូធុរកិច្ចអូស្រ្តាលីដែលមកទស្សនកិច្ច គឺមានក្រុមហ៊ុនក្នុងវិស័យសំខាន់ៗ ដូចជា កសិ-ចំណីអាហារ ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ថាមពលបៃតង សួនឧស្សាហកម្មនិងកម្មន្តសាល មានគោលបំណងស្វែងយល់បន្ថែមអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា បន្ទាប់ពីជោគជ័យនៃវេទិការធុរកិច្ចកម្ពុជា-អូស្រ្តាលី ដែលសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចូលរួមជាអធិបតី ក្នុងអំឡុងពេលដែលសម្ដេចបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី នៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី កាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ។

វេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហ កម្ម វិទ័ររៀ ដោយមានការចូលរួមពីវិនិយោគិនចំនួន ៣៥០នាក់ និងក្រុមហ៊ុនចំនួន ៣៥០ក្រុមហ៊ុន។

អត្ថបទ៖ ផល កុសល រូបភាព៖ CDC