សម្តេច ហ៊ុន ម៉ាណែត រំពឹងបានទំហំវិនិយោគ និងធុរកិច្ចបារាំងខ្ពស់ដែលបំបែកកំណត់ត្រាឆ្នាំមុនៗ តាមរយៈវេទិកាធុរកិច្ចបារាំង-កម្ពុជា

សម្តេច ហ៊ុន ម៉ាណែត រំពឹងបានទំហំវិនិយោគ និងធុរកិច្ចបារាំងខ្ពស់ដែលបំបែកកំណត់ត្រាឆ្នាំមុនៗ តាមរយៈវេទិកាធុរកិច្ចបារាំង-កម្ពុជា

នៅព្រឹកថ្ងៃចន្ទ ទី៨ ខែកក្កដានេះ នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន ម៉ាណែត បានប្រកាសបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងជាលើកទី២ ជាមួយសុទិដ្ឋិនិយមថា បន្ទាប់ពីវេទិកានេះ កម្ពុជានឹងទទួល បានទំហំវិនិយោគ និងធុរកិច្ចបារាំងខ្ពស់ ដែលបំបែកកំណត់ត្រាឆ្នាំមុនៗ។

សម្តេច ហ៊ុន ម៉ាណែត បង្ហាញការជឿជាក់ថា ធុរជនបារាំងនឹង អាច មើលឃើញពីកាលានុវត្តភាពដ៏ធំទូលាយនៅក្នុងទិដ្ឋភាពធុរកិច្ច និងការវិនិយោគរបស់កម្ពុជា។ សម្តេចបានថ្លែងថា កិច្ចសហការរបស់កម្ពុជា និងបារាំង មានវិសាលភាពលើសពីនយោបាយ និងជំនួយអភិវឌ្ឍ។

សម្តេចនាយករដ្ឋមន្រ្តីបានថ្លែងថា៖ «បារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេ មួយនៅ កម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុប»។ បើតាមការបញ្ជាក់របស់សម្តេចពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំង បានកើន ឡើងជាលំដាប់ ដែលមានទំហំទឹកប្រាក់ ៥១៥,២១ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០ ២ ៣ និង២០៦,៤១ លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៥ខែ ដំបូងនៃឆ្នាំ២០២៤។

សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា «ក្រុម ហ៊ុនបារាំងជាច្រើន ដោយរាប់ចាប់ពីសហគ្រាសពហុជាតិ (MNEs) រហូតដល់ សហ គ្រាស ធុនតូច និងមធ្យម (SMEs) បានបង្កើតមូលដ្ឋាននៅកម្ពុជា ដូចជា Vinci, Total Energies, Accor, BRED Bank, និងសហគ្រាសធុនតូច និងមធ្យមជាច្រើន ទៀត ដែលគ្រប់គ្រងដោយធុរជនបារាំង»។ សម្តេចបានថ្លែងគូសបញ្ជាក់បន្ថែមថា ការវិនិយោគពីបារាំង រួមចំណែកដល់ការបង្កើតការងារ, ការផ្ទេរជំនាញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពនៅកម្ពុជា។

ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ាណែត បានអញ្ជើញវិនិយោគិនបារាំងទាំងអស់មកស្វែងយល់ពីសក្តានុពលវិនិយោគដ៏ធំធេង, ស្វែងរកកាលានុវត្តភាពដ៏សម្បូរបែប និងធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ដើម្បីទាញយកប្រយោជន៍ពីទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធ។ សម្តេចបានថ្លែងថា «កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ និងផ្ដល់ការគាំទ្រពេញទំហឹង ក៏ដូចជាការទទួលបដិសណ្ឋារកិច្ច ដល់វិនិយោគិន និងធុរជន»។ 

សម្តេចនាយករដ្ឋមន្រ្តីបានប្រកាសស្វាគមន៍ចំពោះការ សម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិនទាំងអស់ ជាពិសេសវិនិយោគិនបារាំង ដែលជ្រើសរើស និងមានបំណងមកបណ្តាក់ទុននៅកម្ពុជា ដោយផ្ទាល់ ឬចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុក៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី