គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ ២០២៤នេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣៣ ប្រវែងជាង ៥២ គីឡូម៉ែត្រ សម្រេចបានជាង ៨៣ភាគរយហើយ។ នេះបើតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃអង្គារនេះ។
ក្រសួង បានឲ្យដឹងបន្តថា គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣៣នេះ គឺតភ្ជាប់ពីក្រុងកំពត ខេត្តកំពត ត្រង់ផ្លូវបំបែកជាតិលេខ ៣ ចំណុចគ.ម ១៤៨+១០០ ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្តស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ទៅកាន់ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប។ គម្រោងនេះ នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ ២០២៤នេះតែម្ដង។
គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ ដែលមានតម្លៃជាងសង់ជាង ៦១លានដុល្លារ និងមានរយៈពេលសាងសង់ចំនួន ៤០ខែ។ គម្រោងនេះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC និងប្រឹក្សាបច្ចេកដោយក្រុមហ៊ុនក្វាងចូវ វ៉ាងអាន ជាប្រភេទក្រាលបេតុងកៅស៊ូ (AC)។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន គឺលោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានគិតគូរខ្ពស់ដោយបានចាត់មន្ត្រីចុះជាប់ជាប្រចាំលើដំណើរការត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងវឌ្ឍនភាពការងារពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣៣នេះ ដើម្បីធានាឲ្យប្រាកដថា គម្រោងនេះ អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន