ចាប់ខ្លួននាយកប្រតិបត្តិផ្សារទំនើប Aeon ពីបទលក់អង្ករក្នុងតម្លៃខ្ពស់

ក្រុមហ៊ុនផ្សារទំនើបរបស់ជប៉ុន Aeon បាននិយាយកាលពីថ្ងៃចន្ទថា នាយកប្រតិបត្តិផ្សារទំនើប Aeon Orange នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានឃុំខ្លួនរួមជាមួយមនុស្ស ១០នាក់ផ្សេងទៀតកាលពីថ្ងៃទី៣០ ខែមិថុនា ដោយរបបយោធាអះអាងថា ឃុំខ្លួនពីបទបំពានច្បាប់ស្តីពីតម្លៃលក់អង្ករ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Nikkei asia។

ក្រុមហ៊ុន Aeon បានបញ្ជាក់ថា នាយកប្រតិបត្តិដែលត្រូវបានឃុំខ្លួនមានឈ្មោះថា Hiroshi Kasamatsu អាយុ៥៣ឆ្នាំ ដោយបន្ថែមថា ខ្លួននឹងសហការស៊ើបអង្កេតជាមួយអាជ្ញាធរទីក្រុងយ៉ាំងហ្គោន ខណៈពេលដែលក្រុមហ៊ុនកំពុងស្វែងរកការគាំទ្រពីស្ថានទូតជប៉ុនប្រចាំប្រទេសមីយ៉ាន់ម៉ា។

តាមដានជាមួយយើង៖ Million Times

យោងតាមរបបយោធាដែលបានគ្រប់គ្រងប្រទេសចាប់តាំងពីការទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់ខ្លួននៅក្នុងរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ លោក Kasamatsu និងជនជាតិមីយ៉ាន់ម៉ាចំនួន ១០នាក់ត្រូវបានឃុំខ្លួនពីបទលក់អង្ករក្នុងតម្លៃប្រហែល ៥០ភាគរយទៅ ៧០ភាគរយខ្ពស់ជាងកម្រិតដែលកំណត់ដោយអាជ្ញាធរ។

ការឃុំខ្លួននាយកប្រតិបត្តិ និងបុគ្គលិកក្រុមហ៊ុន Aeon Orange ដែលមានសម្ព័ន្ធភាពជាមួយជប៉ុនក្នុងប្រទេសមីយ៉ាន់ម៉ាបានកើតឡើង បើទោះបីជាប្រទេសជប៉ុនមិនបានដាក់ទណ្ឌកម្មលើយោធារបស់ប្រទេសអាស៊ីអាគ្នេយ៍ ឬបុគ្គល និងក្រុមពាក់ព័ន្ធក្រោយរដ្ឋប្រហារមិនដូចបណ្តាប្រទេសលោកខាងលិចក៏ដោយ។ ករណីនេះអាចធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មផ្សេងទៀតដែលមានទំនាក់ទំនងជាមួយប្រទេសជប៉ុននៅក្នុងប្រទេស។

ជម្រាបថា ក្រុមហ៊ុន Aeon Orange ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ជាមួយនឹងក្រុមហ៊ុនលក់រាយក្នុងស្រុកមីយ៉ាន់ម៉ា Creation Myanmar Group of Companies។

ស្ថានភាពក្រោយរដ្ឋប្រហារ បានវិវត្តទៅជាជម្លោះហិង្សារវាងរបបយោធា និងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាក្រុមឧទ្ទាមជនជាតិភាគតិច ដែលបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា។ ទោះជាបែបក្តីនេះ របបយោធាបានស្វែងរកស្ថិរភាពទីផ្សារ ដោយកំណត់តម្លៃទំនិញចាំបាច់ រួមទាំងអង្ករ និងកំណត់អត្រាប្តូរប្រាក់យោងសម្រាប់រូបិយប័ណ្ណរបស់មីយ៉ាន់ម៉ា គឺប្រាក់ Kyat ដែលបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីរដ្ឋប្រហារមក៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ nikkei asia