គោលដៅផ្តល់សម្ទុះទំនាក់ទំនងរវាងតួអង្គសេដ្ឋកិច្ចនៃប្រទេសទាំងពីរ បារំាង-កម្ពុជា យល់ព្រមរៀបចំវេទិកាធុរកិច្ចរយៈពេល ៣ថ្ងៃ

ក្រុមវិនិយោគិនបារាំង សហការជាមួយតំណាងស្ថាប័នឈានមុខកម្ពុជា នឹង​រៀប​ចំ​វេទិកា​ធុរ​កិច្ច​បារាំ​ង-កម្ពុជា​ លើក​ទី២ រយៈពេល៣ថ្ងៃ ចាប់​ពីថ្ងៃ​ទី៨ ដល់​ថ្ងៃ​ទី​១០ ខែក​ក្កដា ឆ្នាំ​២០២៤​ខាង​មុខ នៅរាជធានីភ្នំពេញ ដែលមានគោលដៅផ្តល់សម្ទុះដល់ទំនាក់ទំនងរវាងតួអង្គសេដ្ឋកិច្ចនៃប្រទេសទាំងពីរលើគ្រប់វិស័យ។ កាលពីថ្ងៃទី២៨​ ខែមិថុនាកន្លងទៅ ស្ថានទូតបារាំងប្រចាំកម្ពុជា, ​សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំធ្វើសន្និសីទរួមគ្នាដើម្បីបង្ហាញជូនអ្នកសារព័ត៌មានអំពីវេទិកាធុរកិច្ចបារាំងកម្ពុជា ឆ្នាំ២០២៤។ វេទិកា​ធុរកិច្ចនេះ​ធ្វើឡើ​ង​ក្រោមកិច្ច​សហការ​ជាមួយ​គណៈក​ម្មាធិ​ការ​ទីប្រឹក្សា​ពាណិជ្ជកម្ម​ក្រៅប្រទេស​បារាំង​ប្រចាំ​នៅកម្ពុជា និង​សភាពា​ណិជ្ជកម្ម​កម្ពុជា ជាមួយកា​​រគាំទ្រ​ពីស្ថានទូតបា​រាំ​ង​ប្រចាំ​កម្ពុជា សហ​ព័ន្ធនិយោជ​ក​បារាំង​អន្តរ​ជាតិ (MEDEF) និង​​សមាគមឧ​កញ៉ាក​ម្ពុជា​។

កាលពីថ្ងៃទី២៨​ ខែមិថុនាកន្លងទៅ ស្ថានទូតបារាំងប្រចាំកម្ពុជា, ​សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំធ្វើសន្និសីទរួមគ្នាដើម្បីបង្ហាញជូនអ្នកសារព័ត៌មានអំពីវេទិកាធុរកិច្ចបារាំងកម្ពុជា ឆ្នាំ២០២៤។ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំង បានលើកឡើងថា ព្រឹត្តិការណ៍នេះនឹង​មាន​ការ​ចូលរួ​ម​ពីសមាជិ​កសហ​គមន៍ធុរ​កិច្ចបារាំង​នៅ​កម្ពុជា ក៏ដូច​ជា​តំណាងក្រុម​ហ៊ុនបា​រាំង​នៅ​ក្នុ​ង​តំបន់ ដែល​មានបំណង​ស្វែង​យល់​ឱ្យកាន់​តែច្បាស់​ពីទី​ផ្សារកម្ពុ​ជា។ តំណាង​មកពីក្រុម​ហ៊ុន​សំខាន់ៗ​ជាច្រើន​នឹង​មាន​វត្ត​មាន ដូច​ជាក្រុម​ហ៊ុន​សំណ​ង់ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ឌីជី​ថ​ល សុខាភិ​បាល ថាម​ពល នគ​រូបនីយ​កម្ម ទេស​ចរណ៍ ឡូជីស្ទី​ក ដឹក​ជញ្ជូន កសិ​កម្ម និ​ង​កសិ​អាហា​រ ក៏ដូច​ជាការ​អភិវឌ្ឍប្រក​ប​ដោយ​ចីរ​ភាព និង​បរិ​ស្ថាន​។

តាមដានជាមួយយើង៖ Million Times

លោកបន្តថា វេទិកាធុ​រកិច្ចលើក​ទី២នេះ នឹ​ងជួយ​ពង្រឹ​ងទំ​នាក់ទំ​នង​សេដ្ឋកិ​ច្ច​បារាំ​ង​-កម្ពុជា និង​ជា​ឱកាស​ពិ​សេសមួ​យ​សម្រា​​ប់ក្រុម​ហ៊ុន អ្ន​ក​ប្រក​ប​វិជ្ជាជី​វៈ និង​អ្នក​មាន​ចំណាប់​អារម្ម​​ណ៍​អំពី​ការអភិ​វឌ្ឍសេដ្ឋ​កិច្ច ក្នុង​ការស្វែង​យល់​ពីសក្តានុពល​ជាច្រើ​ន​ដែល​កម្ពុជា​ផ្តល់ឱ្យ​។ លោកថា វេទិកា​នេះ​ក៏​ជាពេល​វេលាសម្រាប់​បង្កើត​ទំនាក់​ទំនងជា​មួយដៃគូ​យុទ្ធសា​ស្រ្ត ថ្នាក់​ដឹក​នាំន​យោបាយ និងអ្ន​ក​ជំ​​នាញ​នៅក​ម្ពុជាផ​ង​ដែរ​។

លោក ហ្សាក់ ប៉ឺឡេ បានគូសបញ្ជាក់ថា អស់រយៈ​ពេលប្​រមាណ​២ឆ្នាំម​ក​ហើយ ទំនាក់​ទំន​ងទ្វេភាគី​បារាំ​ង-ក​ម្ពុជា​មាន​លក្ខណៈ​រស់រវើក​ជាប់​ជា​និច្ច តាម​រយៈដំណើរ​ទស្សន​កិច្ចផ្លូ​​វ​ការរប​ស់​ថ្នាក់ដឹក​នាំជា​​ន់ខ្ពស់​កម្ពុជា​ជា​ច្រើនរូប​នៅប្រទេស​បារាំង ក្នុ​ង​នោះមាន​ដំណើរ​ទស្សនកិច្ច​រប​ស់​សម្តេច​ ហ៊ុន ម៉ា​​ ណែ​ត កាល​​ពីថ្ងៃ​​​ទី១៨ និង​ទី១៩ ខែម​ក​រា ឆ្នាំ២០២៤​កន្ល​ង​ទៅ។​ ក្នុង​អំឡុងដំ​ណើរ​ទស្សន​កិច្ចនេះ កិច្ច​ព្រមព្រៀងចំនួន​៧ត្រូវ​បានចុះហត្ថលេខាក្នុ​ង​វិស័យគន្លឹះ ដូច​ជា​ ថាម​ពល ហេ​ដ្ឋារច​នាស​ម្ព័ន្ធ និង​ការ​ចែក​ចាយ ដែល​ឆ្លុះប​ញ្ចាំង​ពីសករា​ជ​ថ្មីមួយ​នៃកិច្ច​សហប្រតិបត្តិ​ការ​រវាងប្រទេស​បា​រាំង និង​កម្ពុជា។ លោកបន្ថែមថា ​កិច្ច​ព្រម​ព្រៀង​ខាង​លើក៏​បង្ហាញ​ឱ្យឃើញផ​ង​ដែរ​ពីកា​រ​ប្តេជ្ញាចិត្ត​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា​ក្នុង​ការ​លើក​កម្ព​ស់​ការ​ពង្រឹង​វិស័យ​ឯក​​ជន។

​សូមជម្រាបថា ទំហំ​នៃបម្លាស់​ប្តូរពាណិជ្ជ​កម្ម​រវាង​បារាំង និង​កម្ពុជា​មាន​ចំនួន ១ ៣៦៣ លានអឺ​រ៉ូ កាល​ពីឆ្នាំ​២០២៣​។ បច្ចុ​ប្បន្ន ប្រទេស​បារាំង​គឺជាដៃគូពាណិជ្ជកម្មទី២​ របស់​កម្ពុជា​នៅ​អឺរ៉ុប បន្ទា​​ប់​ពីប្រ​ទេស​អាល្លឺ​ម៉ង់។ ការ​នាំចេញរ​បស់បារាំងមក​កម្ពុជា​កាល​ពីឆ្នាំ២​០២៣ បាន​កើន​ឡើង​យ៉ាងខ្លាំង ពោល​គឺ៣១%​ធៀប​នឹងឆ្នាំ​២០២២ ជាពិសេស ​ផលិតផល​កសិអា​ហារ ឱស​ថ និងផលិត​ផល​លោហៈ។ ចំណែក​ការ​នាំចេញរបស់កម្ពុ​ជា​ទៅកាន់​ប្រទេស​បា​រាំ​ង​វិញ​មាន​​ទំ​ហំ​​ទឹក​ប្រា​ក់ ១ ​១​៩២​លាន​​អឺរ៉ូ កា​​ល​ពី​​ឆ្នាំ​​២០២៣ ជា​ពិសេស​ក្នុង​វិស័យវា​យ​នភ័ណ្ឌ ផលិត​ផល​កសិ​អាហារ និង​ទោចក្រ​យាន។

ក្នុង​ទំហំប្រមាណ​៥៦០​លាន​អឺរ៉ូ ​ការ​វិនិយោគរ​បស់​បារាំង​នៅកម្ពុជា​ក៏មានកា​រកើ​នឡើ​ងផង​ដែរ​ ជាពិសេ​ស​ក្នុង​វិស័យ​សំណង់ កសិឧ​ស្សាហ​កម្ម និង​សេវា។ ក្រៅ​ពីបុត្រ​សម្ព័ន្ធ​នៃក្រុម​ហ៊ុនបា​រាំង​ធំៗ វត្ត​មានដ៏ច្រើននៃ​ក្រុមហ៊ុន​ក្នុងស្រុក​របស់ជន​ជាតិ​បារាំង​នៅកម្ពុជា (ជាង​៤០​០​ក្រុមហ៊ុន)​ បង្ហាញ​ឱ្យឃើញ​អំពី​ការ​វិនិយោគ ក៏ដូ​ចជា​វត្តមាន​រឹងមាំរ​បស់​បារំាង​នៅក​​ម្ពុជា។ តួ​លេខ​ទាំងនេះ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពីភាព​រស់រវើក​នៃទំនាក់ទំ​នង​សេដ្ឋកិច្ច​បារាំង-​កម្ពុជា ដែលផ្តល់​អត្ថប្រយោជន៍​ដល់ក្រុមហ៊ុន​នៃប្រទេស​ទាំង​ពីរ និ​ង​ចូលរួមចំ​ណែក​ក្នុង​ការ​អភិវឌ្ឍសេដ្ឋ​កិច្ច​កម្ពុជា៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ស្ថានទូតបារាំងប្រចាំកម្ពុជា